រដ្ឋមន្រ្តីហរិញ្ញវត្ថុថ្មីរបស់ឥណ្ឌូណេស៉ី ប្រឈមមុខនឹងការងារដ៏លំបាកមួយ ដោយរូបិយបណ្ណ និងភាគហ៊ុនកំពុងធ្លាក់ចុះ

ហ្សាការតា៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋមន្រ្តីហរិញ្ញវត្ថុថ្មីរបស់ប្រទេសឥណ្ឌូណេស៉ី លោក Purbaya Yudhi Sadewa បាននិយាយថា លោកត្រូវប្រឈមមុខនឹងការងារដ៏លំបាកមួយ នៅពេលដែលលោកចូលកាន់តំណែងផ្លូវការ នាថ្ងៃអង្គារ ទី៩ ខែកញ្ញានេះ ដោយរូបិយបណ្ណ និងភាគហ៊ុនកំពុងធ្លាក់ចុះ។
ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto បានដាក់លោក Purbaya ដែលគាំទ្រការជំរុញកំណើនសេដ្ឋកិច្ច ឱ្យមកកាន់តំណែងជំនួស លោកស្រី Sri Mulyani Indrawati អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុដែលកាន់តំណែងយូរមកហើយ ចំពេលមានក្តីបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ច នៅក្នុងប្រទេសអាស៊ានមួយនេះ។ ដោយលើកពីកត្តាប្រឈមជាសកល នៅក្នុងវិស័យបច្ចេកវិទ្យា និងភូមិសាស្ត្រនយោបាយ លោក Purbaya និយាយថា «កិច្ចការគឺមិនងាយស្រួលទេ»។
នៅក្នុងថ្ងៃផ្លាស់ប្តូររដ្ឋមន្រ្តីជាផ្លូវការនេះ ធនាគារកណ្តាលបានប្រកាសពីការធ្វើអន្តរាគមន៍ នៅក្នុងទីផ្សារប្តូរប្រាក់បរទេស ដើម្បីធានាថាប្រាក់ rupiah ឡើង-ចុះស្របតាមមូលដ្ឋានរបស់ខ្លួន បន្ទាប់ពីរូបិយប័ណ្ណបានធ្លាក់ចុះជាង ១ភាគរយ ធៀបនឹងប្រាក់ដុល្លារអាមេរិក។ ដោយឡែក សន្ទស្សន៍ភាគហ៊ុនធំ បានធ្លាក់ចុះជាង ១.៥ភាគរយ រីឯមូលបត្របំណុលអន្តរជាតិរបស់ឥណ្ឌូណេស៉ី ក៏បានធ្លាក់ចុះផងដែរ បន្ទាប់ពីការចាកចេញរបស់លោកស្រី Sri Mulyani ត្រូវបានប្រកាសកាលពីថ្ងៃចន្ទ៕

