អ្នកនាំពាក្យ៖ ប្រធានរដ្ឋឡាវ បានជំរុញឱ្យកម្ពជា-ថៃ រក្សាភាពអត់ធ្មត់ខ្ពស់ គោរពនិងអនុវត្តនូវបទឈប់បាញ់ឱ្យបានពេញលេញ

ភ្នំពេញ៖ ឯកឧត្ដម មាស សុភ័ណ្ឌ អ្នកនាំពាក្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុងជំនួបទ្វេរភាគីជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន គ្រាដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូល SCO ឯកឧត្ដម ថងលូន ស៉ីសូលីត ប្រធានរដ្ឋឡាវ បានជំរុញឲ្យកម្ពជា-ថៃ រក្សាភាពអត់ធ្មត់ខ្ពស់ គោរព និងអនុវត្តនូវបទឈប់បាញ់ឲ្យបានពេញលេញ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលនៃដំណើរអញ្ជើញចូលរួមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយប់រំលងអធ្រាត្រ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្ដម មាស សុភ័ណ្ឌ បានបញ្ជាក់ទៀតថា ប្រធានរដ្ឋឡាវ បានលើកឡើងថា ការទប់ស្កាត់មិនឲ្យមានជម្លោះរវាងប្រទេសទាំងពីរ គឺជាការសំខាន់បំផុត និងជំរុញឲ្យភាគីទាំងពីរដោះស្រាយទំនាស់ព្រំដែនដោយសន្ដិវិធី។
ឯកឧត្ដមបន្តថា បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរបស់ប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។
ឯកឧត្ដមអ្នកនាំពាក្យបន្ថែមថា ជាមួយគ្នានេះ ថ្នាក់ដឹកនាំកម្ពុជា-ឡាវ បានគូសបញ្ជាក់ជាថ្មី ចំពោះការបន្ដពួនជ្រំទំនាក់ទំនងជាប្រពៃណី និងជំរុញពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ ឲ្យកាន់តែរឹងមាំបន្ថែមទៀត លើវិស័យសំខាន់ៗ រួមមានជាអាទិ៍វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ សន្ដិសុខ និងថាមពលជាដើម៕

