នាយករដ្ឋមន្រ្តីរបស់រដ្ឋាភិបាល Houthis នៅ Yemen ស្លាប់ក្នុងការវាយប្រហាររបស់អុីស្រាអែល

(បរទេស)÷ ថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥ អុីស្រាអែលបានវាយប្រហារតាមអាកាសទៅលើទីក្រុង Sanaa នៃប្រទេស Yemen កាលពីថ្ងៃព្រហស្បតិ៍ បង្កឲ្យនាយករដ្ឋមន្រ្តីរបស់រដ្ឋាភិបាលដែលដឹកនាំដោយក្រុម Houthi លោក Ahmad Ghaleb al-Rahwi និងរដ្ឋមន្រ្តីជាច្រើនទៀតស្លាប់។ នេះជាការវាយប្រហារដំបូងបង្អស់របស់អុីស្រាអែលដែលបានសម្លាប់មន្រ្តីជាន់ខ្ពស់របស់ក្រុម Houthi។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters
ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់របស់ Houthis លោក Mahdi al-Mashat បានអះអាងថា មានមនុស្សជាច្រើនទៀតរងរបួស ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលម្អិត។ ការវាយប្រហារនេះគឺបានបំផ្ទុះនៅពេលមន្រ្តីជាន់ខ្ពស់របស់ Houthis បានប្រមូលផ្តុំគ្នាដើម្បីមើលសុន្ទរកថារបស់មេដឹកនាំក្រុម Abdul Malik al-Houthi តាមទូរទស្សន៍។
រដ្ឋមន្រ្តីថាមពល ការបរទេស និងព័ត៌មាន ត្រូវបានអះអាងថាស្លាប់ក្នុងការវាយប្រហារនេះផងដែរ។ មន្ត្រីការពារជាតិលោក Mohamed al-Atifi មិនច្បាស់ថាស្លាប់ឬនៅរស់ទេ ខណៈដែលសារព័ត៌មាន Saba របស់ហូទីបានបញ្ចេញសេចក្ដីថ្លែងការណ៍ពីគាត់ បន្ទាប់ពីស្តាប់ព័ត៌មានអំពីការស្លាប់របស់នាយករដ្ឋមន្រ្តី ដោយប្ដេជ្ញាថា “ក្រុម Houthi ត្រៀមខ្លួនដើម្បីប្រឆាំងនឹងអុីស្រាអែល”។ លោក Atifi គឺជាអ្នកជំនាញផ្នែកអាវុធមីស៊ីល និងជាអ្នកដឹកនាំកងកម្លាំងមីស៊ីលរបស់ Houthis។
នាយករដ្ឋមន្រ្តី Rahwi ត្រូវបានតែងតាំងក្នុងមុខតំណែងនេះតែប្រហែលមួយឆ្នាំប៉ុណ្ណោះ ហើយត្រូវបានចាត់ទុកថាជាអ្នកតំណាងបែបសញ្ញា បន្ទាប់ពីក្រុមហូទីបានប្តូរអំណាចចេញពីប្រធានាធិបតី Ali Abdullah Saleh នៅចុងឆ្នាំ 2014។
បច្ចុប្បន្នលោក Mohammed Miftah ដែលជាអនុនាយករដ្ឋមន្រ្តី ត្រូវបានផ្តល់អំណាចដឹកនាំជំនួស។ ចាប់តាំងពីអុីស្រាអែលចាប់ផ្ដើមសង្គ្រាមលើហាម៉ាសនៅប៉ាលេស្ទីន (ខែតុលា ២០២៣) ក្រុមហូទីដែលគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារយ៉ាងច្រើនលើនាវាពាណិជ្ជកម្មក្នុងសមុទ្រក្រហម និងបាញ់មីស៊ីលទៅលើអុីស្រាអែល ដូចជាសកម្មភាពគាំទ្រប៉ាលេស្ទីន។
អុីស្រាអែលក៏បានឆ្លើយតបដោយការវាយប្រហារលើតំបន់ដែលក្រុមហូទីគ្រប់គ្រងក្នុងប្រទេសយេមែន ដូចជា កំពង់ផែ Hodeidah។ រដ្ឋមន្រ្តីការពារជាតិអុីស្រាអែល លោក Israel Katz បាននិយាយថា “ការវាយប្រហារនេះគឺជាអំពើផ្តាច់មុខដ៏ខ្លាំង” និងថា “នេះគឺទើបតែជាការចាប់ផ្ដើម។”
