ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ និងរអិលបាក់ដីនៅភាគខាងជើងប្រទេសឥណ្ឌា សម្លាប់មនុស្សប្រហែល ៣០នាក់

ញូវដែលី៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ និងការរអិលបាក់ដីនៅភាគខាងជើងប្រទេសឥណ្ឌា បានកាត់ផ្តាច់ហេដ្ឋារចនាសម្ព័ន្ធនានា និងសម្លាប់មនុស្សប្រហែល ៣០នាក់ ខណៈដែលមានការព្យាករអំពីភ្លៀងបន្ថែមទៀត សម្រាប់ថ្ងៃពុធ ទី២៧ ខែសីហា។
សារព័ត៌មាន ANI បានរាយការណ៍ថា ការបាក់ដីកាលពីថ្ងៃអង្គារ នៅជិតទីសក្ការៈបូជានៃប្រាសាទ Vaishno Devi នៅលើផ្លូវធ្វើធម្មយាត្រាដ៏ល្បីល្បាញ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់។ វាជាគ្រោះមហន្តរាយថ្មីទៀត នៅតំបន់ហិម៉ាឡៃ បន្តពីការស្លាប់មនុស្ស ៦០នាក់ និងបាត់ខ្លួន ២០០នាក់នៅក្នុងទីក្រុង Kishtwar នៃតំបន់ Kashmir របស់ឥណ្ឌា កាលពីសប្តាហ៍មុន។
នៅជិតទីក្រុង Jammu នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានឱ្យដឹងថា ភ្លៀងធ្លាក់មានកម្រិត ៣៦៨មីលីម៉ែត្រ កាលពីថ្ងៃអង្គារ។ IMD បានព្យាករថានឹងមាន ភ្លៀងផ្គររន្ទះជាមួយនិងខ្យល់បោកបក់ នៅតំបន់ភ្នំ Ladakh ក៏ដូចជាភ្លៀងធ្លាក់ខ្លាំងគ្រប់ដណ្តប់លើទីក្រុង Jammu និងតំបន់ Kashmir នៃរដ្ឋ Himachal Pradesh ផងដែរ។ សាលារៀនត្រូវបានបិទ នៅផ្នែកជាច្រើននៃទីក្រុង Jammu រដ្ឋ Himachal Pradesh និង Punjab៕
