គណៈកម្មការអឺរ៉ុប ច្រានចោលការរិះគន់របស់លោក ដូណាល់ ត្រាំ ដែលថាសហភាពអឺរ៉ុប អនុវត្តច្បាប់ឌីជីថលដោយអយុត្តិធម៌ ចំពោះក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងមានការចាប់កំហុស

ព្រុចសែល៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥ គណៈកម្មការអឺរ៉ុប បានច្រានចោលនូវការរិះគន់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថាសហភាពអឺរ៉ុប (EU) អនុវត្តច្បាប់ឌីជីថលដោយអយុត្តិធម៌ ចំពោះក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងមានការចាប់កំហុស។
រដ្ឋបាលលោក ត្រាំ បានរិះគន់ច្បាប់ទីផ្សារឌីជីថល (DMA) របស់ EU ដែលអាចរារាំងឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និងច្បាប់សេវាកម្មឌីជីថល (DSA) ដែលទាមទារឱ្យវេទិកាអនឡាញធំៗ ត្រូវដោះស្រាយបញ្ហាខ្លឹមសារខុសច្បាប់ និងបង្កគ្រោះថ្នាក់។
EU លើកឡើងថា វាជាសិទ្ធិស្របច្បាប់របស់ខ្លួន និងប្រទេសសមាជិកក្នុងការគ្រប់គ្រងសកម្មភាពសេដ្ឋកិច្ច។ គណៈកម្មាការអឺរ៉ុប បដិសេធយ៉ាងម៉ឺងម៉ាត់ដោយនិយាយថា ច្បាប់របស់ខ្លួនអនុវត្តចំពោះគ្រប់វេទិកាអនឡាញ និងក្រុមហ៊ុនទាំងអស់ដែលកំពុងប្រតិបត្តិការនៅក្នុងប្លុក។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោក ត្រាំ បាននិយាយថា លោកនឹងដាក់ពន្ធបន្ថែមលើគ្រប់ប្រទេសដែលមានពន្ធឌីជីថល និងច្បាប់ ឬបទប្បញ្ញត្តិ ដោយនិយាយថា ពន្ធ និងច្បាប់ ឬបទប្បញ្ញត្តិទាំងនេះ បង្កើតឡើងដើម្បីឱ្យមានការរើសអើងប្រឆាំងនឹងបច្ចេកវិទ្យាអាមេរិក៕
