ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពត។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ២០០នាក់។
សូមជម្រាបជូនដែរថា ពិធីប្រកាសមុខតំណែងខាងលើ ត្រូវបានរៀបចំឡើងក្នុងការផ្ទេរភារកិច្ចលោក កើត ឆែ ពីអភិបាលរងរាជធានីភ្នំពេញ ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តកំពត ជំនួសលោក ពេញ ធារម្យ៕

