ស្វីសត្រៀមខ្លួនជាស្រេច ដើម្បីទទួលលោក ពូទីន សម្រាប់កិច្ចចរចាណាមួយ ដើម្បីស្វែងរកសន្តិភាពនៅអ៊ុយក្រែន បើទោះបីជារូបលោក ប្រឈមដីកាចាប់ខ្លួនពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក៏ដោយ

ប៊ែន៖ រដ្ឋមន្រ្តីការបរទេសនៃប្រទេសស្វីស កាលពីថ្ងៃអង្គារ ទី១៩ ខែសីហា បាននិយាយថា ស្វីសត្រៀមខ្លួនជាស្រេច ដើម្បីទទួលប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន សម្រាប់កិច្ចចរចាណាមួយ ដើម្បីស្វែងរកសន្តិភាពនៅអ៊ុយក្រែន បើទោះបីជារូបលោក ប្រឈមដីកាចាប់ខ្លួនពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ស្វីសគឺជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញារបស់តុលាការ ICC ប៉ុន្តែលោករដ្ឋមន្រ្តីការបរទេស Ignazio Cassis បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រសិនបើលោក ពូទីន ត្រូវធ្វើដំណើរមកកាន់ប្រទេសស្វីស ដើម្បីគោលដៅរកសន្តិភាពនោះ គឺស្វីសអាចទទួលស្វាគមន៍រូបលោក។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងអំពីទីក្រុងហ្សឺណែវរបស់ស្វីស ជាលទ្ធភាពទីតាំងសម្រាប់ រៀបចំកិច្ចចរចាសន្តិភាពរវាងលោក ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បន្ទាប់ពីជំនួបពិភាក្សាកំពូល រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយលោក ហ្សេលេនស្គី និងក្រុមមេដឹកនាំអឺរ៉ុប នៅទីក្រុងវ៉ាស៉ីនតោន កាលពីថ្ងៃចន្ទសប្តាហ៍នេះ។
គួរបញ្ជាក់ថា តុលាការ ICC បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ពូទីន កាលពីឆ្នាំ២០២៣ ពោលគឺរយៈពេលជាង១ឆ្នាំ បន្ទាប់ពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន ដោយ ICC បានចោទប្រកាន់លោកប្រធានាធិបតីរុស្ស៉ី ពីបទឧក្រិដ្ឋកម្មសង្រ្គាម។ យ៉ាងណាមិញ រុស្ស៉ីបានច្រានចោលការចោទប្រកាន់នោះ ហើយបាននិយាយថា ដីការបស់ ICC គ្មានន័យ និងគ្មានសុពលភាពឡើយ៕
