អ៉ីរ៉ង់ត្រៀមលក្ខណៈសម្រាប់ការវាយប្រហារថ្មីណាមួយពីអ៉ីស្រាអែល ខណៈខ្លួនអភិវឌ្ឍបានមីស៉ីលថ្មីៗដែលកាន់តែមានសមត្ថភាពខ្លាំងជាងមុន

តេហេរ៉ង់៖ អ៉ីរ៉ង់នៅថ្ងៃពុធ ទី២០ ខែសីហាបាននិយាយថា ខ្លួនបានត្រៀមលក្ខណៈសម្រាប់ការវាយប្រហារថ្មីណាមួយពីអ៉ីស្រាអែល ហើយបានប្រកាសថា ខ្លួនអភិវឌ្ឍបានមីស៉ីលថ្មីៗដែលកាន់តែមានសមត្ថភាពខ្លាំងជាង មីស៉ីលដែលត្រូវបានប្រើប្រាស់កាលពីអំឡុង សង្រ្គាមរយៈពេល១២ថ្ងៃ រវាងប្រទេសទាំងពីរ២ទៅទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋមន្រ្តីការពារជាតិអ៉ីរ៉ង់ លោក Aziz Nassirzadeh បាននិយាយដូច្នេះថា «មីស៉ីលទាំងឡាយ ដែលត្រូវបានប្រើប្រាស់អំឡុង សង្រ្គាម១២ថ្ងៃ គឺត្រូវបានផលិតឡើង តាំងតែពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ។ ថ្ងៃនេះ យើងអភិវឌ្ឍបាន ហើយកំពុងតែកាន់កាប់មីស៉ីលថ្មីៗ ដែលមានសមត្ថភាពខ្លាំងឆ្ងាយ ជាងមីស៉ីលមុនៗទាំងនោះទៅទៀត។ ដូច្នេះប្រសិនបើអ៉ីស្រាអែល ហ៊ានវាយប្រហារយើងសាជាថ្មី នោះច្បាស់ណាស់ ពួកយើងមុខជានឹងប្រើប្រាស់ពួកវា»។
គួរបញ្ជាក់ថា កាលពីពាក់កណ្តាលខែមិថុនា អ៉ីស្រាអែលបានបើកយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងប្រទេសអ៉ីរ៉ង់ ជាហេតុនាំឱ្យអ៉ីរ៉ង់ ឆ្លើយតបវិញភ្លាមៗ ជាមួយការវាយប្រហារដោយមីស៉ីល និងយន្តហោះដ្រូន។
សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិច របស់អ៉ីស្រាអែល ក៏បានចូលរួមសង្រ្គាមនោះមួយភ្លែតផងដែរ តាមរយៈការប្រើយន្តហោះ B-2 ទម្លាក់គ្រាប់បែកលើ ទីតាំងនុយក្លេអ៊ែរ របស់អ៉ីរ៉ង់។ យ៉ាងណាមិញ ក្រោយមកនៅថ្ងៃទី២៤ ខែមិថុនា អ៉ីរ៉ង់និងអ៉ីស្រាអែល ក៏បានឈានដល់បទឈប់បាញ់៕

