ឯកឧត្តម ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលចំនួន៣នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម

ភ្នំពេញ÷នៅព្រឹកថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលចំនួន៣រួមមាន ១- វគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោក ២- វគ្គបំប៉នជំនាញប្រឆាំងភេរវកម្ម និង៣- វគ្គបំប៉នជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ ដែលមានសិក្ខាកាមជ័យលាភីសរុប២៥០នាក់ នារី ១៥នាក់ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភាមួយចំនួនផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានថ្លែងថាការរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញអំពីលទ្ធផលការងារថ្មីៗបន្ថែមទៀត ដែលសម្រេចបានដោយជោគជ័យ ក្រោមការដឹកនាំប្រកបដោយគំនិតប្រាជ្ញាភិវឌ្ឍន៍និងទស្សនវិស័យវែងឆ្ងាយរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិផងដែរ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងបន្តថាពីធីនេះគឺជាព្រឹត្តិការណ៍មួយដែលបានលើកតម្លៃនិងផ្ដល់កិត្តិយសដល់បងប្អូនសិក្ខាកាមជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សារៀនសូត្រ ហ្វឹកហាត់ គោរពវិន័យបានល្អ រហូតទទួលបានជោគជ័យក្នុងការសិក្សា ព្រមទាំងបង្កើតនូវភាតរភាព សាមគ្គីភាព និងទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំសាលា គ្រូនគរបាលជាតិ និងមន្ត្រីនគរបាលជាតិ ជាមួយនឹងសិក្ខាកាមជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នាឱកាសនេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានគោរពថ្លែងអំណរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាបិតានិងជាអគ្គមគ្គទេសក៍ដ៏ឆ្នើមនៃសន្តិភាពនិងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ ដោយផ្ដល់អាទិភាពខ្ពស់ក្នុងការអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ រួមទាំងកងមកម្លាំងនគរបាលជាតិ។
សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានកសាងសមិទ្ធផលនិងស្នាដៃជាច្រើនដល់ក្រសួងមហាផ្ទៃសម្រាប់អ្នកដឹកនាំបន្តវេនជាពិសេស គឺសម្ដេចបានផ្ដល់តម្លៃនិងអាទិភាពខ្ពស់ដល់បណ្ឌិត្យសភានគរបាលកម្ពុជា។
ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សូមគោរពដឹងគុណចំពោះវរីរភាពរបស់កងកម្លាំងដ៏អង់អាចក្លាហាននៅសមរភូមិជួរមុខដែលប្តេជ្ញាតស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហាន មិនរាថយ ជាមួយនឹងសត្រូវថៃឈ្លានពានបូរណភាពទឹកដីខ្មែរ ដើម្បីការពារដែនអធិបតេយ្យភាពជាតិរបស់ខ្មែរឱ្យគង់វង្សឋិតថេរជាអមតៈ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានថ្លែងបញ្ជាក់ថាយើងខ្ញុំនៅសមរភូមិក្រោយ ក៏មិនដែលភ្លេចខ្លួនម្តងណាដែរ គឺបានប្រុងប្រៀបខ្លួនជានិច្ច ស្តាប់តាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្នុងនាមកងកម្លាំងដែលជាឧបករណ៍របស់រដ្ឋ ក្នុងការចូលរួមចំណែកបម្រើជាតិមាតុភូមិជាទីស្នេហារបស់យើងទាំងអស់គ្នា គ្រប់កាលៈទេសៈ៕

