អភិបាលខេត្តសៀមរាប នាំយកថវិការបស់សម្តេចមហាបវរធិបតី និងលោកជំទាវ ជូនដល់គ្រួសារយោធិនពលីនៅសមរភូមិជួរមុខ

សៀមរាប៖ នាថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តនិងក្រុមការងារបាននាំយកនូវថវិកាចំនួន ៨០លានរៀល និងសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដេីម្បីប្រគល់ជូនដល់គ្រួសារលោក អនុសេនីយ៍ឯក គឹម សំអាត ដែលបានពលីកាលថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ តំបន់ប្រាសាទព្រះវិហារ។
ឯកឧត្តម អភិបាលខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលបានគិតគូរនិងចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ និងសោកសង្រែកជាមួយនឹងក្រុមគ្រួសារយោធិនពលីនៅតំបន់សមរភូមិជួរមុខនេះ។
ឯកឧត្តម អភិបាលខេត្តបានពាំនាំនូវការផ្តាំផ្ញេីរបស់សម្តេចធិបតីក្នុងការរំលែកទុក្ខនៃមរណភាពរបស់លោក អនុសេនីយ៍ឯក គឹម សំអាត គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ តែក៏ជាការបាត់បង់ នូវវីរយុទ្ធជនខ្មែរ ដ៏ អង់អាចក្លាហានម្នាក់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារអធិបតេយ្យជាតិ ពីការឈ្លានពានរបស់ពួកខ្មាំងសត្រូវលើសមរភូមិមុខ គួរឱ្យស្ញប់ស្ញែងជាទីបំផុត។
ក្នុងវេលាប្រកបដោយសេចក្តីទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម អភិបាលខេត្ត សូមចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសាររបស់វីរយុទ្ធជនដ៏អង់អាចក្លាហាន ដោយសេចក្តីសោកស្តាយ អាឡោះ អាល័យបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក អនុសេនីយ៍ឯក គឹម សំអាត បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

