ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញទទួលអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈ ឯកឧត្តម នូ ស៊ីថា មកប្រគល់ជូនវីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ នៅខេត្តប៉ៃលិន

ប៉ៃលិន៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញទទួលអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តាមរយៈ ឯកឧត្តម នូ ស៊ីថា មកប្រគល់ជូនវីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ នៅខេត្តប៉ៃលិន។
ពិធីប្រគល់ និងទទួលអំណោយនេះ មានការចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ, លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំការផ្ដាំសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន មោះមុតការពារបូរណភាពទឹកដី ប្រឆាំងសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានចាត់ទុក ការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់វីរកងទ័ព ប្រកបដោយឧត្តមគតិ, ស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និងសេចក្ដីសុខសាន្តរបស់ប្រជាជននឹងត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រ និងចងចាំជារៀងរហូត។ ចំពោះប្រជាពលរដ្ឋភៀសសឹក រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ និងយ៉ាងមរមាញឹក ដើម្បីឧបត្ថម្ភគាំទ្រទាំងស្មារតី និងសំភារៈសំដៅដោះស្រាយ និងសម្រាលការលំបាករបស់ប្រជាពលរដ្ឋភៀសសឹក។
អំណោយខាងលើ តាមរយៈឯកឧត្តម នូ ស៊ីថា តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងក្នុងស្មារតីសាមគ្គីជាតិ យន្តការការផ្សារភ្ជាប់រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ និងទឹកចិត្តមនុស្សធ៌ម/សប្បុរសធ៌ម។
ការផ្តល់ជូនអំណោយនេះ រួមមាន អង្ករ ចំនួន ១០តោន, មី ចំនួន ១,៥០០កេស , ត្រីខ ចំនួន ៣៣០កេស,ទឹកសុទ្ធ ចំនួន ២០០កេស, សាច់ក្រក ចំនួន ៣០០គីឡូក្រាម, ទឹកស៊ីអ៉ីវ ចំនួន ១០០យួរ និងឧបករណ៍សម្រាប់សាកថ្ម ចំនួន១០ ស្មើនឹងទឹកប្រាក់ប្រមាណ ៤ម៉ឺនដុល្លារ៕

