ប្រធានសភាពាណិជ្ជកម្មខេត្តស្រះកែវ អំពាវនាវឱ្យរាជរដ្ឋាភិបាលថៃ បើកច្រកព្រំដែនឱ្យដំណើរការធម្មតាឡើងវិញ

បាងកក៖ ប្រធានសភាពាណិជ្ជកម្មខេត្តស្រះកែវ បានអំពាវនាវឱ្យរាជរដ្ឋាភិបាលថៃ បើកច្រកព្រំដែនឱ្យដំណើរការធម្មតាឡើងវិញ ដោយមិនបាច់ខ្លាចបាក់មុខមាត់នោះឡើយ។ តែយ៉ាងណា គេគ្រប់គ្នាបានដឹងច្បាស់ហើយថា ថៃបានទាញទ្វារព្រំដែនបិទដោយឯកតោភាគី ដោយមិនសួរកម្ពុជាមួយមាត់ និងប្រកាសប្រកាន់ជំហររឹងត្អឹងជាមួយកម្ពុជា ប៉ុន្តែពេលនេះស្រាប់តែថៃដូរពាក្យ ដូរសម្តី មាត់ផ្សេង ចិត្តផ្សឹងទៅវិញ។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងកងទ័ពភូមិភាគ១ បានចេញបទបញ្ជាស្តីពីការគ្រប់គ្រងការបើក-បិទច្រកព្រំដែនគ្រប់ប្រភេទ តាមច្រកព្រំដែនថៃ-កម្ពុជា ក្នុងខេត្តស្រះកែវ ចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥មក។ យ៉ាង ណា នេះ គ្រាន់តែការអះអាងតែម្ខាងពីភាគីថៃប៉ុណ្ណោះ ដោយមិន ទាន់ ទទួល បាន ការ ឆ្លើយ តប ពី ភាគី កម្ពុជា ទេ។ អ្នកយកព័ត៌មានបានបង្ហាញថា ច្រកព្រំដែន និងប៉ុស្តិ៍ត្រួតពិនិត្យចំនួន៣ រួមមាន៖ ប៉ុស្តិ៍ត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជា-ថៃ (ណងអៀន-ស្ទឹងបត់) ប៉ុស្តិ៍ត្រួតពិនិត្យខៅឌីន (Ban Khao Din) និងច្រករបៀងពាណិជ្ជកម្មណងព្រូ (Ban Nong Pru) គ្មានប្រតិបត្តិករដឹកជញ្ជូនណាម្នាក់អាចឆ្លងកាត់ព្រំដែនបានទេ បើទោះបីជាថ្ងៃនេះជាថ្ងៃទី៥ ចាប់តាំងពីវិធានការបន្ធូរបន្ថយត្រូវបានប្រកាសក៏ដោយ។
ប្រតិបត្តិករដឹកជញ្ជូនជាប់គាំង ដូចឡានជាប់ផុង។ ប្រតិបត្តិករដឹកជញ្ជូនទំនិញថៃខ្នាតតូចនៅផ្សារកសិកម្មថាវីផន(Thaweeporn) ក្បែរច្រកខៅឌីន ស្រុកខ្លងហាត ខេត្តស្រះកែវ ដែលជាកន្លែងប្រមូលផ្តុំរថយន្តជួលដឹកជញ្ជូនទំនិញ ស្ទះណែនណាន់តាន់តាប់តម្រៀបជួរគ្នាយ៉ាងកកកុញ។ យ៉ាងណាកម្ពុជាមិនព្រមបើកឡើយ ល្គឹកណាថៃមិនទាន់បើកប៉ុស្តិ៍ត្រួតពិនិត្យទាំអស់ជាធម្មតាឡើងវិញ។ បច្ចុប្បន្ន មានរ៉ឺម៉កសណ្តោងប្រមាណ ៧០គ្រឿងកំពុងរង់ចាំឆ្លងកាត់ ដោយមាន២០គ្រឿងរង់ចាំដឹកទំនិញចេញពីកម្ពុជា និងប្រហែល៥០គ្រឿងរង់ចាំដឹកទំនិញចូលប្រទេសកម្ពុជា ប៉ុន្តែមិនអាចទៅមុខរួចទេ ដោយសារទ្វារព្រំដែនត្រូវបានបិទ។
លោក បម្រុង ឡូឆារឿនវ៉ាត់ឆៃ (Bamrung Lorcharoenwatchai) ប្រធានសភាពាណិជ្ជកម្មខេត្តស្រះកែវ និងជាប្រធានសមាគមអ្នកនាំចេញខេត្តស្រះកែវ បានលើកឡើងថា បន្ទាប់ពីប្រទេសថៃអនុវត្តវិធានការបើក-បិទច្រកទ្វារអស់រយៈពេលជាងមួយខែមក ពេលនេះប្រជាពលរដ្ឋថៃកំពុងរងគ្រោះយ៉ាងខ្លាំង។ បើទោះបីជា៣ទៅ៤ថ្ងៃមុន វិធានការបន្ធូរបន្ថយត្រូវបានប្រកាសអនុញ្ញាតឱ្យមានយានជំនិះឆ្លងដែន ក្រោមហេតុផលមនុស្សធម៌ ដោយតម្រូវឱ្យប្រតិបត្តិករសម្របសម្រួលជាមួយកម្ពុជាដោយខ្លួនឯងក៏ដោយ ក៏រឿងនេះនៅតែមិនអាចទៅរួច ព្រោះថាកម្ពុជាមិនទទួលយកសំណើ និងល្បិចថ្ពិនភ្នែកមួយនេះឡើយ។
ផ្អែកតាមការចុះផ្សាយរបស់កាសែតថៃ ខាវសត កាលថ្ងៃទី២១កក្កដា ប្រធានសភាពាណិជ្ជកម្មខេត្តស្រះកែវរូបនេះ ថ្លែងថា រាជរដ្ឋាភិបាលថៃគួរតែព្យាយាមជួយប្រជាពលរដ្ឋខ្លួនក្នុងមូលដ្ឋាន ព្រោះប្រជាជនថៃ ជាពិសេសអ្នកស្រុកក្បែរព្រំដែនកំពុងជួបផលលំបាករួចទៅហើយ។
លោកអះអាងដោយមានជំនឿចិត្តថា ៖«ប្រសិនបើយើងបើកពីម៉ោង៦ព្រឹកដល់ម៉ោង ១០យប់ដូចមុន កម្ពុជានឹងត្រៀមបើកភ្លាមៗ ហើយវានឹងបញ្ចប់បញ្ហានៅទីនេះ។ ឥឡូវនេះ យើងមិនត្រូវបន្ទោសអ្នកណាខុស អ្នកណាត្រូវទេ យើងត្រូវគិតប្រជាជនក្នុងស្រុកជាមុនសិន។ ក្នុងរយៈពេលមួយខែកន្លងមកនេះ បើគ្មានការជួញដូរ យើងខាតបង់រាប់សិបពាន់លានបាតរួចទៅហើយ។ កាលពីមុន សេដ្ឋកិច្ចរបស់យើងរីកចម្រើនដោយគ្មានបញ្ហាដោយសារតែពាណិជ្ជកម្មតាមព្រំដែន។ ឥឡូវនេះ ពាណិជ្ជកម្មតាមព្រំដែននៅជាប់គាំង យើងកំពុងរងទុក្ខ។ រាជរដ្ឋាភិបាលគួរតែញែកការព្រួយបារម្ភផ្នែកសន្តិសុខចេញពីពាណិជ្ជកម្ម កុំឱ្យសកម្មភាពសេដ្ឋកិច្ចត្រូវបានបំផ្លាញ»៕

