កងទ័ពជើងគោកហ្វីលីពីន នឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីបម្រើផលប្រយោជន៍នៃប្រជាជនទាំងពីរ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy Mabagos Galido មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានបញ្ជាក់ថា កងទ័ពជើងគោកហ្វីលីពីន នឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីបម្រើផលប្រយោជន៍នៃប្រជាជនយើងទាំងពីរ។
ការបញ្ជាក់បែបនេះរបស់មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានធ្វើឡើងក្នុងជំនួបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥។
នៅក្នុងជំនួបសម្តេចតេជោ បានលើកឡើងថា តាមរយៈទំនាក់ទំនងល្អរវាងកងទ័ពជើងគោក ដែលជាកងទ័ពស្នូលនៃប្រទេសយើងទាំងពីរនេះ សហប្រតិបត្តិការនៃវិស័យផ្សេងៗទៀត នឹងកាន់តែបង្កើនថែមទៀតផងដែរ។
សម្តេចតេជោ បានលើកឡើងអំពីសក្តានុពលស្បៀងរបស់កម្ពុជាក្នុងការនាំចេញទៅទីផ្សារហ្វីលីពីន និងកាលានុវត្តភាពនៃវិស័យផ្សេងៗទៀតក្នុងការពង្រឹងភាពជាដៃគូល្អកម្ពុជា-ហ្វីលីពីន៕

