គណៈកម្មការទី៨ រដ្ឋសភាកម្ពុជា ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ដល់គណៈប្រតិភូឡាវ

ភ្នំពេញ៖ គណៈកម្មការទី៨ នៃរដ្ឋសភាកម្ពុជា ដែលដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារ និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ដែលកម្ពុជាបានអនុវត្តកន្លងមក ដល់គណៈប្រតិភូឡាវចំនួន ២៣ រូប ដែលដឹកនាំដោយឯកឧត្តម ផុងសាយសាក់ អ៊ិនថាឡាត អនុរដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ។
ឯកឧត្តម សេង ញ៉ក់ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាសមាជិកគណៈកម្មការទី៨ នៃរដ្ឋសភាកម្ពុជា បានធ្វើបទបង្ហាញលម្អិតពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ក៏ដូចជាតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិ រួមមានរដ្ឋសភា និងព្រឹទ្ធសភា ជូនដល់គណៈប្រតិភូឡាវ។ បទបង្ហាញនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីជោគជ័យ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ក្នុងការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ដើម្បីធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ តាមរយៈបទបង្ហាញ ក៏បានគូសបញ្ជាក់ពីតួនាទីសំខាន់របស់គណៈកម្មការទី៨ នៃរដ្ឋសភា ក្នុងការតាមដាន និងជំរុញការងារពាក់ព័ន្ធនឹងផ្នែកច្បាប់ គោលនយោបាយ ការអនុវត្ត និងការផ្សព្វផ្សាយ ពាក់ព័ន្ធនឹងគោលនយោបាយអាទិភាព ៤ ក្នុងចំណោមគោលនយោបាយអាទិភាព ៦ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ក្នុងនោះ ក៏មានពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ដែលភាគីឡាវចង់ដឹងសិក្សាស្វែងយល់បន្ថែមផងដែរ។
ឯកឧត្តម សេង ញ៉ក់ តាមរយៈបទបង្ហាញនៅថ្ងៃនេះ ក៏បានរំលេចជូនគណៈប្រតិភូឡាវបានជ្រាបពីព្រឹត្តិការណ៍សមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលកម្ពុជាបានរៀបចំដោយជោគជ័យនាពេលកន្លងមក ហើយក៏បានបង្ហាញពីអាទិភាពខ្ពស់ដែលថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាបានផ្តល់ជូនពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គមផងដែរ។
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូឡាវលម្អិតពាក់ព័ន្ធនឹងការងារដែលរាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជាបានធ្វើ និងកំពុងធ្វើ បញ្ហាប្រឈម ក៏ដូចជាជោគជ័យជាច្រើនដែលសម្រេចបាន។ ក្នុងនោះក៏រួមបញ្ចូលទាំងការងារពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ដែលបាននិងកំពុងហុចផលវិជ្ជមានជាច្រើនគួរឱ្យកត់សម្គាល់ កើតមានចំពោះប្រជាជនកម្ពុជានៅទូទាំងប្រទេសកម្ពុជាផងដែរ។ ចំពោះគណៈកម្មការទី៨ នៃរដ្ឋសភា ជានិច្ចជាកាលធ្វើការងារអនុលោមតាមច្បាប់ ដោយតម្កល់ផលប្រយោជន៍របស់ប្រជាជនជាធំ។
គណៈកម្មការបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ ឬពិនិត្យមើលច្បាប់ថ្មីៗ ឬការធ្វើវិសោធនកម្មច្បាប់ដែលមានស្រាប់ ដើម្បីពង្រឹងប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា។ ការគាំទ្រដល់កម្មវិធីជំនួយសង្គមរបស់រដ្ឋាភិបាល ក៏ដូចជាការធ្វើការងារជាច្រើនដើម្បីធានាឱ្យប្រាកដថា កម្មវិធីជំនួយសង្គមបានផ្តល់ផលប្រយោជន៍ពិតប្រាកដទៅដល់ដៃប្រជាពលរដ្ឋគោលដៅប្រកបដោយប្រសិទ្ធភាព។ គ្រាដែលគោលនយោបាយគាំពារដល់ស្ត្រីមានផ្ទៃពោះ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក៏ត្រូវបានរដ្ឋសភាកម្ពុជារួមចំណែកយ៉ាងសំខាន់ដោយដាក់ចេញនូវគោលនយោបាយថ្មីៗ ក៏ដូចជាចូលរួមធ្វើការកែលម្អគោលនយោបាយដែលមានស្រាប់ ដើម្បីផ្តល់ការគាំពារកាន់តែប្រសើរដល់ស្ត្រីមានផ្ទៃពោះ និងទារក។
ជាមួយគ្នានេះ ការចុះតាមដានប្រសិទ្ធភាពនៃការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ក៏ត្រូវបានលោកជំទាវ ឡោក ខេង ជម្រាបជូនគណៈប្រតិភូឡាវដែរថា គណៈកម្មការទី៨ មានតួនាទីត្រួតពិនិត្យ និងវាយតម្លៃដើម្បីធ្វើឱ្យប្រាកដថា ច្បាប់ និងគោលនយោបាយដែលបានដាក់ចេញត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងរួមចំណែកផ្តល់អនុសាសន៍ដើម្បីកែលម្អជាបន្តបន្ទាប់។
ជុំវិញការងាររៀបចំវេទិកាផ្សព្វផ្សាយអំពីប្រព័ន្ធគាំពារសង្គម គណៈកម្មការទី៨ នៃរដ្ឋសភាចាត់ទុកការងារនេះជាកិច្ចការសំខាន់ ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជនអំពីសិទ្ធិ និងអត្ថប្រយោជន៍នៃប្រព័ន្ធគាំពារសង្គម។ ជារួមជោគជ័យនៃការអនុវត្តការងារពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គមមិនមែនគ្រាន់តែជាការងាររបស់ស្ថាប័ននីតិប្រតិបត្តិ ដែលសំដៅដល់ស្ថាប័ន រាជរដ្ឋាភិបាល ប៉ុណ្ណោះទេ ប៉ុន្តែក៏មានការចូលរួមយ៉ាងសកម្មពីស្ថាប័ននីតិប្បញ្ញត្តិផងដែរ។
គណៈប្រតិភូឡាវបានបង្ហាញការចាប់អារម្មណ៍ជាខ្លាំងចំពោះបទបង្ហាញពីភាគីកម្ពុជា ដោយចាត់ទុកបទបង្ហាញនៅថ្ងៃនេះជាមេរៀនដ៏មានតម្លៃបំផុតមួយសម្រាប់ឡាវ ត្បិតការងារប្រព័ន្ធគាំពារសង្គមជារឿងថ្មីសម្រាប់ឡាវ ហើយឡាវក៏នៅមានបញ្ហាប្រឈមជាច្រើន ជាពិសេសពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម និងការងារសុខភាព ដែលត្រូវរៀនសូត្របន្តច្រើនទៀតពីភាគីកម្ពុជា។
គណៈប្រតិភូឡាវបានថ្លែងនូវការកោតសរសើរចំពោះកម្ពុជា ទាំងរាជរដ្ឋាភិបាល និងសភា ដែលបានធ្វើការងារជោគជ័យធំៗជាច្រើនជាផលប្រយោជន៍របស់ប្រជាជន ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស និងបានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនកាន់តែសំខាន់ឡើងនៅលើឆាកអន្តរជាតិនៅពេលបច្ចុប្បន្ននេះផងដែរ៕

