គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ភ្នំពេញ៖ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនទូទាំងប្រទេស និងជាអនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិ ដឹកនាំដោយឯកឧត្តម វ៉ាង ជីមីន ( WANG ZHIMIN) បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ។
លោកជំទាវ កែ ច័ន្ទមុនី លេខាធិការគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា ឯកឧត្តម ងួន សុជាតិ សមាជិក គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
យោងតាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម វ៉ាង ជីមីន នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា។
គណៈប្រតិភូសមាជិកគណៈកម្មាធិការកិច្ចការជនជាតិ ក៏នឹងអញ្ជើញទៅទស្សនាព្រះបរមរាជវាំង សារមន្ទីរជាតិ និងទស្សនកិច្ចនៅខេត្តសៀមរាបផងដែរ៕

