រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងចិន ពិភាក្សាអំពីទំនាក់ទំនងរបស់ប្រទេសទាំង២ ជាមួយសហរដ្ឋអាម៉េរិក និងការរំពឹងទុកសម្រាប់ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

ម៉ូស្គូ៖ កាលពីថ្ងៃអាទិត្យទី១៣ ខែកក្កដា ក្រសួងការបរទេសរុស្ស៊ី បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងចិនបានពិភាក្សាអំពីទំនាក់ទំនងរបស់ប្រទេសទាំង២ ជាមួយសហរដ្ឋអាម៉េរិក និងការរំពឹងទុកសម្រាប់ការបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសរបស់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន លោក ស៊ែហ្គី ឡាវរ៉ូវ (Sergei Lavrov) បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅរដ្ឋធានីប៉េកាំងកាលពីថ្ងៃអាទិត្យទី១៣ ខែកក្កដា។ លោក ឡាវរ៉ូវ គ្រោងនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅប្រទេសចិន។
យោងតាមក្រសួងការបរទេសរុស្ស៊ី ភាគីនានាក៏បានពិភាក្សាអំពីទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក និងការរំពឹងទុកសម្រាប់ការដោះស្រាយវិបត្តិអ៊ុយក្រែន។ ក្រសួងបានបន្តថា៖«សារសំខាន់នៃការពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរនៅក្នុងឆាកអន្តរជាតិ រួមទាំងនៅក្នុងអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ SCO, BRICS, G20 និង APEC ត្រូវបានសង្កត់ធ្ងន់»។
គួរបញ្ជាក់ថា ប្រទេសកុម្មុយនីស្ដទាំង២ [ចិន និងរុស្ស៊ី] បានប្រកាសភាពជាដៃគូគ្មានដែនកំណត់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលលោក ពូទីន ធ្វើទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង ប៉ុន្មានថ្ងៃមុនពេលដែលលោកបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលលុកលុយអ៊ុយក្រែន។ អាម៉េរិកចាត់ទុកចិនជា គូប្រជែង ដ៏ធំ បំផុតរបស់ខ្លួនហើយរុស្ស៊ីជាការគំរាមកំហែងរដ្ឋដ៏ធំបំផុតរបស់ខ្លួន៕
