សម្តេចធិបតី៖ កម្ពុជាមានបីលក្ខខណ្ឌ ដើម្បីឈានទៅបើកច្រកព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាមានបីលក្ខខណ្ឌ ដើម្បីឈានទៅបើកច្រកព្រំដែនកម្ពុជា-ថៃ ទីមួយ ភាគីថៃត្រូវប្រកាសបើកច្រកព្រំដែនមុនជាឯកតោភាគី, ពីរ ថៃត្រូវបើកម្ដងបើកគ្រប់ច្រកទាំងអស់ និងបី បើកឱ្យដូចស្ថានភាពមុនឱ្យដូចដើមវិញ។ ក្រោយមករយៈពេលប្រមាណ៥ម៉ោងកម្ពុជានឹងបើកវិញដូចដើម។
សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើក ទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ។
ទាក់ទងការបិទព្រំដែនជាឯកតោភាគីរបស់ថៃ សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាចង់ដោះស្រាយបំផុតលើបញ្ហានេះ ប៉ុន្ដែកម្ពុជាត្រូវការជំហរដោះស្រាយច្បាស់លាស់ ដោះស្រាយតែម្ដងគឺចប់សព្វគ្រប់ ប៉ុន្ដែកម្ពុជាមិនចង់លេងល្បែងបិទពួនជាមួយថៃនោះទេ៕

