ក្រសួងធម្មការ ណែនាំឱ្យរៀបចំវាយគង ទូងស្គរអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកន អង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា ជម្រាបមក
លោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត
កម្មវត្ថុ៖ ស្តីពីការរៀបចំវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ សាលារៀនមានចរិតសាសនាផ្សេងៗ រួមទាំងមន្ទីរធម្មការ និងសាសនា ចូលរួមអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកន អង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
យោង៖ លិខិតលេខ ៣២ សលខ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការ បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំង ឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងសូមឱ្យលោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត សហការឱ្យបានជិតស្និទ្ធបំផុតជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងថ្នាក់ដឹកនាំសាសនា ផ្សេងៗទូទាំងព្រះរាជាណាចក្រកម្ពុជា រៀបចំវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅថ្ងៃអាទិត្យ ៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧:០០នាទីព្រឹក ឱ្យបានព្រមៗគ្នា កុំបីអាក់ខានឡើយ។
ទទួលបានសេចក្ដីណែនាំនេះ លោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត ចាត់ចែងអនុវត្ត តាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវធ្វើរបាយការណ៍មកក្រសួងវិញ អំពីលទ្ធផលដែលអនុវត្តបាន៕

