ឯកឧត្តម សុត រស្មី ចុះពិនិត្យវាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាពការងារថែទាំប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖នៅថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម(គល) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដែលរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ចុះពិនិត្យវាយតម្លៃលទ្ធផលការងារថែទាំជាប្រចាំឆ្នាំ២០២៥(ដំណាក់កាលទី១) ក្នុងខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួងក៏បានចុះប្រគល់-ទទួលការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រចំនួនបីទីតាំងគឺ៖ ទី១)ប្រព័ន្ធធារាសាស្ត្រលំហាច ស្ថិតក្នុងស្រុកបរិបូរណ៍ ទី២)ប្រព័ន្ធធារាសាស្ត្រអាចាង ស្ថិតក្នុងស្រុកបរិបូរណ៍ និង ទី៣)ថែទាំខួបប្រព័ន្ធធារាសាស្ត្រទំនប់ព្រែកជីកលំហាច (ជំហាន២) ស្ថិតក្នុងស្រុកទឹកផុស។
ជាលទ្ធផល ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង បានវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានធារាសាស្ត្រកសិកម្ម ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារជួសជុល និងថែទាំ (O&M) ជាប្រចាំ និងខួប ប្រព័ន្ធធារាសាស្ត្រ បានត្រឹមត្រូវល្អប្រសើរទៅតាមលក្ខណ:បច្ចេកទេស និងមានសោភ័ណភាព។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់នាយកដ្ឋានធារាសាស្ត្រកសិកម្មឱ្យបន្តប្រកាន់ខ្ជាប់កិច្ចការងារនេះ ដើម្បីជាប្រយោជន៍ក្នុងការលើកកម្ពស់សេដ្ឋកិច្ច-សង្គមមូលដ្ឋាន ជាអាទិ៍ការងារស្រោចស្រព ផ្លូវគមនាគមន៍ ផ្គត់ផ្គង់ទឹកស្អាត ការបញ្ចៀសទឹកជំនន់ និងការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករនៅក្នុងតំបន់ ហើយបន្ថែមពីលើនេះ ដើម្បីធានាបាននូវនិរន្តរភាពនៃប្រព័ន្ធ ក៏ទាមទារឱ្យមានការចូលរួមជាប់ជាប្រចាំពីឆ្មាំប្រព័ន្ធ សហគមន៍កសិករប្រើប្រាស់ទឹក និងជាពិសេសពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕

