នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ថ្កោលទោសចំណាត់ការពន្ធពាណិជ្ជកម្ម ខណៈរដ្ឋមន្ត្រីការបរទេសអាស៊ាន កំពុងជួបគ្នានៅក្នុងទីក្រុងគូឡាឡាំពួ

គូឡាឡាពួ៖ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៉ី នាថ្ងៃពុធ ទី៩ ខែកក្កដា បានថ្កោលទោសចំណាត់ការពន្ធពាណិជ្ជកម្ម ខណៈរដ្ឋមន្ត្រីការបរទេសអាស៊ាន កំពុងជួបគ្នានៅក្នុងទីក្រុងគូឡាឡាំពួ សម្រាប់កិច្ចប្រជុំរយៈពេល ៣ថ្ងៃ ដែលរួមបញ្ចូលទាំងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ចិន និងរុស្ស៉ីផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Anwar បាននិយាយក្នុងសន្និសិទបើកកិច្ចប្រជុំថា «នៅទូទាំងពិភពលោក ពាណិជ្ជកម្មដែលធ្លាប់ត្រូវបានប្រើប្រាស់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ឥឡូវនេះត្រូវបានប្រើប្រាស់ជាការដាក់សម្ពាធ ធ្វើឱ្យឯកោ និងរឹតត្បិត»។
ដោយមិននិយាយចំឈ្មោះប្រទេសណាមួយ លោក Anwar បានបន្ថែមថា «ពន្ធគយ ការរឹតបន្តឹងលើការនាំចេញ និងរបាំងវិនិយោគ ឥឡូវនេះបានក្លាយជាឧបករណ៍ដ៏មុតស្រួច នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ»។
គួរបញ្ជាក់ថា ចំណាត់ការពន្ធគយថ្មីចុងក្រោយបំផុតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជារបៀបវារៈដ៏សំខាន់ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលនឹងបន្តរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ។ ការកត់សម្គាល់របស់ លោក Anwar បានធ្វើឡើងគ្រាដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏នឹងមានវត្តមាននៅម៉ាឡេស៉ីផងដែរ សម្រាប់ការពិភាក្សាដែលគ្របដណ្តប់ ដោយការភ័យខ្លាចពីសង្គ្រាមពាណិជ្ជកម្ម៕
