អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីគំនិតឯកភាពក្នុងក្របខ័ណ្ឌទីក្រុងឡុងដ៍រវាងចិននិងអាមេរិក

អ្នកសារព័ត៌មានបានសួរថា នាពេលថ្មីៗនេះ មន្ត្រីនិងប្រព័ន្ធសារព័ត៌មានអាមេរិកបានបង្ហើបថា ប្រទេសចិននិងអាមេរិកបានឈានដល់ការបំពេញបន្ថែមអនុស្សរណៈនៃការយោគយល់គ្នាក្នុងក្របខ័ណ្ឌស្តីពីការអនុវត្តគំនិតឯកភាពទីក្រុងហ្សឺណែវ។ប្រទេសចិននឹងពន្លឿនការនាំចេញរ៉ែកម្រទៅកាន់អាមេរិក ហើយអាមេរិកនឹងលុបចោលវិធានការរឹតត្បិតចំពោះប្រទេសចិន។តើក្រសួងពាណិជ្ជកម្មចិនមានការវាយតម្លៃយ៉ាងណាចំពោះករណីនេះ?
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា ក្រោមការណែនាំនៃគំនិតឯកភាពរួមរបស់មេដឹកនាំនៃប្រទេសទាំងពីរចិននិងអាមេរិក ក្រុមការងារសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃភាគីទាំងពីរបានធ្វើកិច្ចចរចាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅទីក្រុងឡុងដ៍ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមិថុនា ហើយបានឈានដល់គំនិតឯកភាពជាគោលការណ៍លើក្របខ័ណ្ឌស្តីពីការអនុវត្តគំនិតឯកភាពដ៏សំខាន់នៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រមុខរដ្ឋទាំងពីរកាលពីថ្ងៃទី៥ ខែមិថុនានិងពង្រឹងសមិទ្ធផលនៃកិច្ចចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មទីក្រុងហ្សឺណែវ។នាពេលថ្មីៗនេះ បន្ទាប់ពីទទួលបានការអនុម័ត ភាគីទាំងពីរបានបញ្ជាក់បន្ថែមចំណុចលម្អិតនៃក្របខ័ណ្ឌនេះ។ប្រទេសចិននឹងពិនិត្យនិងអនុម័តតាមផ្លូវច្បាប់លើការស្នើសុំនាំចេញវត្ថុដែលត្រូវរឹតត្បិតដែលបំពេញតាមល័ក្ខខ័ណ្ឌគ្រប់គ្រាន់ ហើយអាមេរិកនឹងលុបចោលវិធានការរឹតត្បិតជាបន្តបន្ទាប់ចំពោះប្រទេសចិន៕
