អ.ដ.ក. និងរដ្ឋបាលខេត្តរតនគិរី ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តរតនគិរី បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. និង ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។
ពិធីនេះ ក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃ អ.ដ.ក., ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី, តំណាងសាលាដំបូងខេត្តរតនគិរី, ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម-លោកជំទាវ អភិបាលរងខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីនៃមន្ទី-អង្គភាពពាក់ព័ន្ធជុំវិញខេត្តរតនគិរី ចំនួនប្រមាណ ២៧០ នាក់។
ថ្លែងក្នុងពិធីនេះ ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន ក៏បានគូសបញ្ជាក់អំពីគោលបំណង នៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត ក៏បានធ្វើការផ្សព្វផ្សាយអំពីការចាប់ផ្តើមអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល របស់ អ.ដ.ក. ដែលនឹងបង្កើតឲ្យមានការិយាល័យតំណាងអ.ដ.ក. ប្រចាំនៅខេត្តចំនួន ៤ រួមមាន ខេត្តស្ទឹងត្រែង, ខេត្តក្រចេះ, ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នាពេលឆាប់ៗខាងមុខផងដែរ៕

