ផ្ទះស្នាក់សហគមន៍ចំបក់កំពុងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងជាផ្នែកមួយជួយជីវភាពគ្រួសារពួកគាត់កាន់តែល្អប្រសើរ
កំពង់ស្ពឺ៖ផ្ទះស្នាក់នៅសហគមន៍តំបន់ការពារធម្មជាតិចំបក់ ស្ថិតនៅក្បែរ ឧទ្យានជាតិ គិរីរម្យ ខេត្ត កំពង់ស្ពឺ ដែលមានចម្ងាយប្រហែល ១០៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ កំពុងបានក្លាយជាទីកន្លែងទទួលស្គាល់ និងផ្តល់ការស្នាក់នៅរបស់អ្នកទេសចរទាំងពលរដ្ឋកម្ពុជា និងក៏ដូចជាអ្នកទេសចរបរទេស។
ផ្ទះស្នាក់សហគមន៍គឺសំដៅផ្ទះរបស់ពលរដ្ឋតាមស្រុកស្រែចំការ ដែលបានរៀបចំឡើងក្នុងគោលបំណងដាក់បម្រើភ្ញៀវទេសចរក្នុងការស្នាក់នៅក្នុងអំឡុងភ្ញៀវបរទេសចរមកទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍អេកូទេសចរណ៍។
អ្នកស្រី ហួត ខេម រស់នៅ ភូមិ ចំបក់ ឃុំចំបក់ ស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ បានឱ្យដឹងថាគិតចាប់តាំងតែពីចាប់ផ្តើមបង្កើតផ្ទះស្នាក់ អំឡុងឆ្នាំ ២០០៣មក ផ្ទះស្នាក់របស់អ្នកស្រី ដំណើរការរលូនល្អ បើទោះបីពេលខ្លះខ្សត់ខ្សោយភ្ញៀវក៏ដោយ ប៉ុន្តែក៏អាចរកចំណូលសម្រាប់ពួកគាត់ រៀងរាល់ ខែ ដែរ។
ក្នុងវ័យ ៤២ឆ្នាំ ដែលរស់នៅជាមួយម្តាយចាស់ម្នាក់ និងមានផ្ទះមួយខ្នងសង់ពីឈើអាចផ្តល់កន្លែងស្នាក់នៅរបស់អ្នកទេសចរបានចំនួន៥នាក់ អ្នកស្រី ហួត ខេម ប្រាប់ថា”ក្រោយការបង្កើតផ្ទះស្នាក់បានជួយច្រើនដល់ប្រជាសហគមន៍ក្នុងនេះ ដែលកាលពីមុនធ្លាប់តែបរបាញ់សត្វ កាប់ព្រៃឈើ តែនៅពេលដែលបង្កើតតំបន់ទេសចរណ៍ចំបក់ និងពិសេសមានការបង្កើត ផ្ទះស្នាក់ មកធ្វើឱ្យពលរដ្ឋមានចំណូលពីផ្ទះស្នាក់ លក់របស់របរហូបចុក នាំភ្ញៀវទេសចរ ធ្វើឱ្យម្នាក់ៗមានចំណូលប្រចាំថ្ងៃ ហើយព្រមជាមួយគ្នាជីវភាពបានលើកកម្ពស់។ហេតុនេះការដែលពួកអ្នកស្រុកធ្លាប់ តែចូលព្រៃកាប់ឈើ បរបាញ់សត្វ ពេលនេះត្រឡប់មកចូលរួមអភិរក្សជំនួសវិញទៀតផង”។
បញ្ជាក់ប្រាប់ស្រដៀងគ្នានេះ អ្នកស្រី ហង្ស ភឿន ដែលមានផ្ទះស្នាក់នៅក្នុងភូមិនេះដែរ ប្រាប់ថា៖ក្នុងការបើកបម្រើផ្ទះស្នាក់នេះពិតជាបានជួយច្រើនក្នុងការផ្តល់ប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារ។ក្នុងនេះអ្នកស្រីបានយកប្រាក់ឈ្នួលស្នាក់នៅមួយយប់តម្លៃ ៤ដុល្លារសម្រាប់ភ្ញៀវម្នាក់។បើភ្ញៀវចង់ឱ្យធ្វើម្ហូបឱ្យ ឬក៏ចង់បរិភោគជាមួយពួកគាត់គឺគិតលុយបញ្ចូលបន្ថែមទៀត។
ស្រ្តីរូបនេះបានប្រាប់ដែរថា៖”ពេលបើកដំបូងៗខ្ញុំមានការអៀនភ្ញៀវ តែពេលនេះលែងហើយ។ពួកយើងស្និទ្ធស្នាលគ្នា ហើយភ្ញៀវបរទេសខ្លះមកស្នាក់នៅរាប់ខែប្រៀបដូចបងប្អូន។ពួកគេមកទេសចរ និងមកស្រាវជ្រាវ។ថ្ងៃខ្លះភ្ញៀវបរទេសមកចូលរួមធ្វើចំការ ធ្វើស្រែ ជួយធ្វើនំលក់ក៏មានដែរ។គិតទៅសប្បាយ និងមានអនុស្សាវរីយ៍ល្អៗជាមួយពួកគាត់។ថ្ងៃខ្លះពួកខ្ញុំក៏នឹកពួកគាត់”។
លោក ទូច ម៉ន ប្រធានសហគមន៍តំបន់ការពារធម្មជាតិចំបក់បានប្រាប់ថា សហគមន៍នេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៣ នៅក្នុងផ្ទៃដីរបស់សហគមន៍គ្រប់គ្រងរាល់ថ្ងៃគឺមាន ៣៣៨២ ហិចតា។ទីនេះមានទឹកធ្លាក់ដ៏ស្រស់ត្រកាលគ្មានគូប្រៀប។នៅទីនេះទទួលបានភ្ញៀវទេសចរបរទេសពិសេសអឺរ៉ុបច្រើនបំផុតដោយក្នុងមួយខែអាចទទួលបានចំនួនប្រមាណ៥០០នាក់។ហើយបើគិតជាភ្ញៀវមួយខែគិតជាមធ្យម១ម៉ឺននាក់។
លោកបានប្រៀបធៀបពលរដ្ឋក្នុងសហគមន៍នេះដែលកាលពីមិនទាន់ចងក្រងជាសហគមន៍ប្រៀបដូចជនជាតិភាគតិចពោលគឺរស់នៅដាច់ដោយឡែកពីគេ តែបច្ចុប្បន្នស្ថានភាពគ្រួសាររបស់ប្រជាសហគមន៍ល្អប្រសើរមិនចាញ់ពីតំបន់ដទៃទៀតឡើយ។
លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន និងជាប្រធាន គម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) បានឱ្យដឹងថាសហគមន៍តំបន់ការពារធម្មជាតិបច្ចុប្បន្នមានចំនួន១៩៤សហគមន៍ ក្នុងនេះមាន៥៣សហគមន៍ដែលមានដំណើរការផ្តល់សេវាទេសចរណ៍ធម្មជាតិ ហើយក្នុងចំណោមសហគមន៍ទាំង៥៣នេះដែរគឺមានចំនួន១៥សហគមន៍ដែលទទួលបានការគាំទ្រទាំង ទេសចរណ៍ ការដាំស្តាព្រៃឈើ ការរកអនុផលព្រៃឈើ ការកែច្នៃឬស្សី ក្រវ៉ាញ ។គម្រោងនេះគឺឆ្លើយតបនឹងយុទ្ធសាស្រ្តវិស័យចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន២០២៣-២០២៨។
ដោយឡែក ឯកឧត្តម ខ្វៃ អាទិត្យាបានថ្លែងថានាពេលបច្ចុប្បន្ននេះពលរដ្ឋកម្ពុជាកំពុងតែពេញនិយមក្នុងការធ្វើដំណើរកម្សាន្តតំបន់ការពារធម្មជាតិ ដូច្នេះហើយតំបន់ការពារធនធានធម្មជាតិរបស់យើងមានសក្តានុពលច្រើនសំរាប់ពង្រីកគោលដៅលំហែបៃតង។ក្រសួងបរិស្ថានតាមរយៈដៃគូផ្សេងៗទៀតបានជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងនេះមានទាំងទឹកស្អាត បង្គន់អនាម័យ ជួយរៀបចំកន្លែងបោះតង់ សម្រាប់សម្រាកកម្សាន្តនៅតាមតំបន់សហគមន៍ក្នុងគោលដៅសម្រាប់គោលដៅកម្សាន្តលំហែបៃតង ឬទីលំហែបៃតង។តាមរយៈការជំរុញនេះដែរប្រជាសហគមន៍មានចំណូលកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថាផ្ទះស្នាក់ នៅសហគមន៍តំបន់ការពារធម្មជាតិចំបក់មានចំនួនជាង៣០ផ្ទះ ដោយក្នុងនេះថ្លៃឈ្នួលស្នាក់នៅម្នាក់៤ដុល្លារក្នុងមួយថ្ងៃប៉ុណ្ណោះ៕