ឯកឧត្តម ម៉ាង ស៊ីណេត ចុះសួរសុខទុក្ខ និងឧបត្ថម្ភជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ ដែលកំពុងបំពេញបេសកកម្មនៅតាមបន្ទាត់ព្រំដែន ទិសឧត្តរមានជ័យ
ភ្នំពេញ៖ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ ដែលកំពុងបំពេញបេសកកម្មនៅតាមបន្ទាត់ព្រំដែន ទិសឧត្តរមានជ័យ ខេត្តឧត្តរមានជ័យ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ កំពុងបំពេញបេសកកម្មនៅតាមខ្សែបន្ទាត់ព្រំដែនទិសឧត្តរមានជ័យ ខ្ញុំសូមគាំទ្រកងទ័ពជួរមុខដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងអង់អាចក្លាហានហ៊ាន ធ្វើពលិកម្មគ្រប់បែបយ៉ាងទាំងកម្លាំងកាយចិត្ត និងអាយុជីវិត ដើម្បីការពារបូរណភាពទឹកដីមាតុភូមិអង្គរដ៏បវរនៃយើង និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឹងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយគោរពតាមច្បាប់អន្តរជាតិ និងយុទ្ធសាស្ត្រការពារខ្លួនក្នុងករណីចាំបាច់ និងសូមគាំទ្រប្រសាសន៍ដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានប្រកាសគាំទ្រនូវរាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា។
ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមេបញ្ជាការ មេបញ្ជាការរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច ព្យាយាមជម្នះឧបសគ្គតូចធំប្រកៀកស្មាគ្នាយ៉ាងរឹងមាំ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបានសហការយ៉ាងល្អប្រសើរជាមួយនឹងភាគីពាក់ព័ន្ធ ក្នុងបុព្វហេតុការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី ឆ្លើយតបប្រកបដោយប្រសិទ្ធភាពរាល់បញ្ហាប្រឈម ព្រមទាំងធានាបានថាព្រះរាជាណាចក្រកម្ពុជា នៅតែស្ថិតក្នុងដំណើរវិវឌ្ឍន៍ទៅកាន់សេចក្តីសុខចម្រើនគ្រប់ទិសទី និងគ្រប់សហគមន៍។ ស្ថិតក្នុងបរិយាកាសនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការជាយុទ្ធសាស្ត្រនានា ដែលធានាឱ្យព្រះរាជាណាចក្រកម្ពុជា នៅតែរក្សាបាននូវសុខសន្តិភាព អធិបតេយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងសុវត្ថិភាពសង្គម ព្រមជាមួយនឹងការបន្តអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។
តាមរយៈផែនការយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងសភាពការណ៍ និងចាត់វិធានការបន្សាបឥទ្ធិពលមនោគមន៍វិជ្ជារបស់ក្រុមប្រឆាំងជ្រុលនិយម ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋក្នុងការដឹកនាំអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ដើម្បីធានាដល់ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងភាពជាម្ចាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយបរិយាបន្ន និងសមធម៌។
ជាមួយគ្នានេះឯកឧត្តម បានបញ្ជាក់ថា «ការការពារសន្តិភាព» ជាកាតព្វកិច្ចដែលប្រជាពលរដ្ឋខ្មែរគ្រប់ៗ រួមគ្នាសាមគ្គីឯកភាពជាធ្លុងមួយការពារ ទោះក្នុងតម្លៃណាក៏ដោយផ្សារភ្ជាប់នឹង «ការការពារដែនដី ដូចជាដួងព្រលឹងរបស់យើង» ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន នៃអត្តសញ្ញាណជាតិ វប្បធម៌ ប្រពៃណីជាតិ។
ភាពអង់អាចរបស់យុទ្ធជន យុទ្ធនារីដែលកំពុងឈរជើងនៅតាមបណ្តោយព្រំដែននេះ មិនមែនគ្រាន់តែជាយោធាប៉ុណ្ណោះទេ តែជានិមិត្តរូប នៃឯកភាពជាតិ សេចក្តីថ្លៃថ្នូរ និងការប្តេជ្ញាចិត្តរបស់ប្រជាពលរដ្ឋស្នេហាជាតិនៅទូទាំងប្រទេស និងជាខែលការពារជាតិមាតុភូមិ ការពារព្រលឹងជាតិខ្មែរ ជាខែលការពារសន្តិភាព សន្តិសុខ និងសេចក្តីសុខសាន្តរបស់ប្រទេសជាតិ។ កម្ពុជា ជាប្រជាជាតិមួយដែលស្រឡាញ់សន្តិភាព ចង់រួមរស់ដោយសន្តិសហវិជ្ជមាន និងពង្រីងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក ការគោរពគ្នា និងការពារផលប្រយោជន៍ទៅវិញទៅមក។ កម្ពុជា យល់ច្បាស់អំពីគុណតម្លៃ នៃសន្តិភាព កម្ពុជានឹងបន្តស្វែងរកដំណោះស្រាយទំនាស់ដោយសន្តិវិធីដោយឈរលើមូលដ្ឋានរដ្ឋធម្មនុញ្ញជាតិ ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
សូមថ្លែងអំណរគុណ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានចារកិច្ចក្រសួងការពារជាតិ ដែលបានអញ្ជើញចូលរួមសំណេះសំណាលជាមួយនាយ នាយរង ពលទាហានប្រចាំទិសខេត្តឧត្តមមានជ័យ តាងនាមឱ្យរដ្ឋបាលខេត្ត មន្រ្តីរាជការ កងកម្លាំប្រដាប់អាវុធ និងប្រជាពលរដ្ឋសូមជូនពរជ័យសេរីសួស្តីជូន ចំពោះបងប្អូនកងទ័ពទាំងអស់មានសុខភាពល្អ កាយសម្បទាមាំមួនក្នុងកិច្ចការពារជាតិ មាតុភូមិនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាទិសខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ៤ និងតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យមានដូចជា៖ ១.អង្ករ ១៥តោន ២.មី ២៨០កេស ៣.ទឹកសុទ្ធ ៣៥០កេស ៤. ត្រីចំហុយ ១,៥០០គីឡូ ៥.បង្គារស្រស់ ៣៥គីឡូ ៦.មឹកស្រស់ ៥០គីឡូ ៧.សាច់ក្រក ២០០គីឡូ ៨.ត្រីងៀត ២២០គីឡូ ៩.ផ្អក ៧០គីឡូ ១០.ប្រហុក ៧០គីឡូ ១១.ទឹកត្រី ១៤០យួរ ១២.ទឹកស៊ីអ៉ីវ ១៤០យួរ ១៣.នំប៉័ងបាក់យ៉ុង ៧០០ដើម ១៤.នំប៉័ងសាប ៧០០ដើម ១៥.ទឹកដោះគោ ៧កេស ១៦.ឱសថ ១៦មុខ និងថវិកា ៨០លានរៀល។ និងឧបត្ថម្ភជូនតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ១.អង្ករ ៥តោន ២.មី ១២០កេស ៣.ទឹកសុទ្ធ ១៥០កេស ៤.ត្រីចំហុយ ៦០០គីឡូ ៥.បង្គារស្រស់ ១៥គីឡូ ៦.សាច់ក្រក ១០០គីឡូ ៧.ត្រីងៀត ១០០គីឡូ ៨.ផ្អក ៣០គីឡូ ៩.ប្រហុក ៣០គីឡូ ១០.ទឹកត្រី ៦០យួរ ១១.ទឹកស៊ីអ៉ីវ ៦០យួរ ១២.នំប៉័ងបាក់យ៉ុង ៣០០ដើម ១៣.នំប៉័ងសាប ៣០០ដើម ១៤.ទឹកដោះគោ ៣កេស និងថវិកា ៤០លានរៀល។ ឆ្លៀតក្នុងឱកាសនោះក៏បានឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ដល់វរៈលេខ២១ និងឧបត្ថម្ភសម្រាប់សាងសង់លេណដ្ឋាន ១ម៉ឺនដុល្លារ៕