អូស្ត្រាលី ប្រកាសពីការផ្អាកប្រតិបត្តិការនៃស្ថានទូតរបស់ខ្លួន ក្នុងទីក្រុងតេហេរ៉ង់ ដោយលើកឡើងពីស្ថានភាពសន្តិសុខយ៉ាប់យ៉ឺន

ស៉ីដនី៖ ប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រ ទី២០ ខែមិថុនា បានប្រកាសពីការផ្អាកប្រតិបត្តិការនៃស្ថានទូតរបស់ខ្លួន ក្នុងទីក្រុងតេហេរ៉ង់ ដោយលើកឡើងពីស្ថានភាពសន្តិសុខយ៉ាប់យ៉ឺន ខណៈដែលអ៉ីស្រាអែល បានវាយលុកទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ម្តងទៀត ហើយសង្រ្គាមតាមផ្លូវអាកាសដែលមានរយៈពេលមួយសប្តាហ៍មកនេះ មិនទាន់មានសញ្ញាថមថយ។
បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋមន្រ្តីការបរទេស លោកស្រី Penny Wong បានឱ្យដឹងថា បុគ្គលិកការពារជាតិ និងយន្តហោះអូស្រ្តាលី កំពុងត្រូវបានដាក់ពង្រាយទៅកាន់តំបន់មជ្ឈិមបូព៌ា ជាផ្នែកមួយនៃផែនការសង្គ្រោះបន្ទាន់ ដើម្បីជួយជម្លៀសពលរដ្ឋ និងអ្នកការទូតរបស់ខ្លួន នៅពេលដែលដែនអាកាសត្រូវបានបើក និងមិនសម្រាប់ការប្រយុទ្ធណាមួយទេ។
តាមលោកស្រី Wong បុគ្គលិកកុងស៊ុលអូស្រ្តាលីនៅអ៉ីរ៉ង់ កំពុងត្រូវបានបញ្ជូនទៅកាន់ប្រទេសជិតខាងគឺអាស៊ៃបៃហ្សង់ រួមទាំងច្រកព្រំដែននៃប្រទេសនេះ ដើម្បីជួយដល់ប្រជាជនអូស្ត្រាលី ដែលចាកចេញពីអ៉ីរ៉ង់តាមផ្លូវគោក។ ទិន្នន័យផ្លូវការបង្ហាញថា មានប្រជាជនអូស្ត្រាលីប្រហែល ២ ០០០នាក់ និងគ្រួសាររបស់ពួកគេ បានស្នើសុំជំនួយដើម្បីចាកចេញពីអ៉ីរ៉ង់។
គួរបញ្ជាក់ថា អ៉ីស្រាអែល បានបើកការវាយប្រហារ តាម ផ្លូវអាកាស ប្រឆាំង នឹង អ៊ីរ៉ង់ ដោយ និយាយថាវាជាការ វាយ ប្រហារ ទុក មុន ដើម្បី រារាំង អ៉ីរ៉ង់ ពី ការ អភិវឌ្ឍ អាវុធ នុយក្លេអ៊ែរ។ អ៉ីរ៉ង់ បាន បដិសេធនូវការចោទប្រកាន់របស់អ៉ីស្រាអែល ហើយ បានបើកការវាយប្រហារ សងសឹកវិញ៕
