អធិការបតីអាល្លឺម៉ង់ លោក FriedrichMerz កោតសរសើរជាសាធារណៈ ចំពោះការវាយប្រហារយោធា របស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់

បរទេស៖ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា អធិការបតីអាល្លឺម៉ង់ លោក FriedrichMerz បានកោតសរសើរជាសាធារណៈ ចំពោះការវាយប្រហារយោធា របស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ដោយបញ្ជាក់ថា រដ្ឋាភិបាល និងកងទ័ពអ៊ីស្រាអែល បានអនុវត្តយ៉ាងក្លាហាននូវ “ការងារពិបាក” ក្នុងនាមប្រទេសលោកខាងលិច។
មេដឹកនាំអាល្លឺម៉ង់ បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជា បន្តបន្ទាប់នៅក្រៅកិច្ចប្រជុំកំពូល G7 នៅប្រទេសកាណាដា ដែលមានការចូលរួមដោយអ្នកធានាទាំងអស់ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ដើម លើកលែងតែរុស្ស៊ី និងចិន។
លោក Merz បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយ ZDF ថា “នេះគឺជាការងារកខ្វក់ដែលអ៊ីស្រាអែល កំពុងធ្វើសម្រាប់យើងទាំងអស់គ្នា ។ យើងក៏ជាជនរងគ្រោះនៃរបបនេះផងដែរ” ។ របប mullah នេះបាននាំមកនូវការស្លាប់ និងការបំផ្លិចបំផ្លាញ ដល់ពិភពលោក” ។
អាឡឺម៉ង់គឺជាផ្នែកមួយ នៃក្រុម P5+1 ដែលបានចរចារផែនការ សកម្មភាពទូលំទូលាយរួម (JCPOA) ដែលត្រូវបានគេ ស្គាល់ជាទូទៅ ថាជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ 2015 ។ ទោះបីជាគាត់គាំទ្រ ចំពោះការវាយប្រហារក៏ដោយ ក៏លោក Merz បានអះអាងថា ទីក្រុងប៊ែរឡាំង ត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រការចរចាថ្មី ដើម្បីធានាថាអ៊ីរ៉ង់ មិនដែលទទួលបានអាវុធនុយក្លេអ៊ែរ។
ទីក្រុងហ្សេរុយសាឡឹមខាងលិច បានបង្ហាញពីភាពត្រឹមត្រូវ នៃការវាយប្រហារ របស់ខ្លួនកាលពីថ្ងៃសុក្រ ដោយអះអាងថា អ៊ីរ៉ង់ស្ថិតនៅលើគែម នៃការទទួលបានអាវុធនុយក្លេអ៊ែរ។ ទីក្រុងតេអេរ៉ង់បានបដិសេធ ម្តងហើយម្តងទៀត នូវការចោទប្រកាន់បែបនេះ ដោយនៅតែរក្សាថា កម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនមានសន្តិភាពទាំងស្រុង៕
