ឯកឧត្តម សុខ លូ៖ ប្រសិនបើពលករខ្មែរធ្វើការនៅថៃជួបការលំបាក ហើយចង់វិលត្រឡប់មកស្រុកខ្មែរវិញ គឺរាជរដ្ឋាភិបាលនឹងខិតខំស្វែងរកការងារជូន
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ប្រសិនបើពលករខ្មែរធ្វើការនៅប្រទេសថៃជួបការលំបាក ហើយចង់វិលត្រឡប់មកស្រុកខ្មែរវិញគឺរាជរដ្ឋាភិបាលនឹងខិតខំស្វែងរកការងារជូន។
ការបញ្ជាក់ពីសំណាក់ឯកឧត្តម សុខ លូ បានធ្វើឡើងក្នុងឳកាសអញ្ជើញចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងនោះ ឯកឧត្តម សុខ លូ បានដឹកនាំក្រុមការងារចុះ ត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង និងបន្តពិនិត្យច្រកទ្វារតំបន់ព្រំដែន សួនស៊ុំ (អូរអន្លក់) ស្ថិតក្នុងស្រុកកំរៀង បន្តដំណើរត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន អូររំដួល ស្រុកភ្នំព្រឹក និងច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន។
ឯកឧត្តម សុខ លូ បញ្ជាក់ថា ក្រោយថៃបិទច្រកព្រំដែនជាឯកតោភាគី គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង បន្តបិទទាំងស្រុងសម្រាប់ការចរាចរណ៍ទំនិញខណៈច្រកថ្មើជើងបើកដំណើរការធម្មតា។ដោយឡែកច្រកព្រំដែន៤ផ្សេងទៀតបន្តបើកដំណើរការជាធម្មតាដោយបើកនៅម៉ោង៩ព្រឹក និងបិទនៅម៉ោង៤រសៀល។
ឯកឧត្តម សុខ លូ បញ្ជាក់ឱ្យដឹងបន្ថែមថា រដ្ឋបាលខេត្តបានត្រៀមលក្ខណៈរួចជាស្រេចក្នុងករណីមានពលករខ្មែរសម្រុកវិលត្រឡប់មកច្រើន ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់មានពលករសម្រុកមកច្រើននោះទេ។
ជាមួយគ្នានោះ ឯកឧត្តម សុខ លូ អំពាវនាវឱ្យប្រជាពលរដ្ឋនៅរស់តាមតំបន់ព្រំដែនសូមជឿលើព័ត៌មានពិត និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ៕