ថ្ងៃទី២នៃកិច្ចប្រជុំ JBC គឺមានកិច្ចប្រជុំចង្អៀតមួយ មុនឈានដល់កិច្ចប្រជុំផ្លូវការ
ភ្នំពេញ៖ នៅថ្ងៃទី២នៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ គឺមានកិច្ចប្រជុំចង្អៀតមួយ មុនឈានដល់កិច្ចប្រជុំផ្លូវការ។
កិច្ចប្រជុំនេះ ភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន។
កិច្ចប្រជុំចង្អៀតព្រឹកនេះ មានសមាសភាពមន្ត្រីបច្ចេកទេសច្រើនជាង កិច្ចប្រជុំចង្អៀតកាលពីម្សិលមិញ ហើយថ្នាក់ដឹកនាំនៃភាគីទាំងពីរ កម្ពុជា-ថៃ ត្រៀមចាំលទ្ធផលសម្រេចនៃកិច្ចប្រជុំចង្អៀតនេះ។
បើតាមប្រសាសន៍របស់ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កាលពីម្សិលមិញ បានបញ្ជាក់បន្តិចថា កិច្ចប្រជុំផ្លូវការកាលពីម្សិលមិញគឺប្រព្រឹត្តទៅដោយរលូន៕