អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានដាក់ញត្តិទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីអនុញ្ញាតឱ្យមានការដោះលែងលោកបណ្តោះអាសន្ន
ម៉ានីល៖ លោក រ៉ូឌ្រីហ្គោ ឌូធើតេ អតីតប្រធានាធិបតីហ្វីលីពីន បានដាក់ញត្តិទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដើម្បីអនុញ្ញាតឱ្យមានការដោះលែងលោកបណ្តោះអាសន្នទៅកាន់ប្រទេសមួយផ្សេងទៀត ឬប្រទេសទី៣ ដោយលើកឡើងពីអាយុច្រើនពេក និងសច្ចាថានឹងមិនរត់គេចខ្លួន ឬប្រព្រឹត្តឧក្រិដ្ឋកម្មអ្វីទៀតឡើយ។
គេនៅចាំបានថា លោក ឌូធើតេ ត្រូវបានចាប់ខ្លួន និងនាំទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីខែមីនា ក្នុងបទចោទមនុស្សឃាតយ៉ាងបង្ហូរឈាម ដែលពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងគ្រឿងញៀន។
ទីប្រឹក្សារបស់លោក ឌូធើតេ គឺលោក នីកូឡាស់ គួហ្វម៉ែន [Nicholas Kaufman] បានប្រាប់អង្គជំនុំជម្រះក្ដីរបស់ ICC ថា ៖«ប្រទេសទីបីបានព្រមព្រៀង និងមានគោលការណ៍ជាមុនរួចជាស្រេចក្នុងការទទួលលោក ឌូធើតេ ទៅកាន់ទឹកដីរបស់ខ្លួន»។ ទីប្រឹក្សារបស់លោកបានលើកឡើងថា លោក ឌូធើតេ មិនគេចខ្លួនទៅណាទេ ហើយនឹងមិនប្រព្រឹត្តបទឧក្រិដ្ឋបន្ថែមទៀតទេ ប្រសិនបើលោកត្រូវបានដោះលែងមែននោះ។
សំណើនោះមានន័យថា ៖«លោក ឌូធើតេ លែងជាប្រធានាធិបតីហ្វីលីពីនទៀតហើយ ហើយលោកក៏មិនមានឥទ្ធិពល ឬអំណាចទៀតដែរ»។ លើសពីនេះ លោក ឌូធើតេ បានលើកឡើងពីហេតុផលមនុស្សធម៌នៅក្នុងសំណើរបស់លោកដោយបញ្ជាក់ថា លោកមានអាយុ៨០ឆ្នាំហើយ។
យ៉ាងណា ជំនួយការរបស់ ICC ដែលតំណាងឱ្យជនរងគ្រោះក្នុងសង្គ្រាមគ្រឿងញៀន បានប្រឆាំងនឹងការដោះលែងបណ្តោះអាសន្នរបស់លោក ឌូធើតេ តាំងពីដំបូងមកម្ល៉េះ។
គួររំឭកថា លោក ឌូធើតេ បានឡើងកាន់អំណាចក្នុងឆ្នាំ២០១៦ លើយុទ្ធនាការដើម្បីលុបបំបាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេស។ ក្នុងអំឡុងពេល៦ឆ្នាំនៅក្នុងការិយាល័យប្រធានាធិបតី ជនសង្ស័យចំនួន ៦២០០នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងគ្រឿងញៀន។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល ខណៈក្រុម សិទ្ធិមនុស្សបញ្ជាក់ថា ចំនួនអ្នកស្លាប់ពិត ប្រាកដមានច្រើនជាងនេះទៅទៀត៕