នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវដល់សហគមន៍អន្តរជាតិ ជួយផ្តល់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងសមត្ថភាពសម្រាប់ការអភិរក្សសមុទ្រ

ភ្នំពេញ៖ មានប្រសាសន៍ចេញពីប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសំខាន់ៗដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងសមត្ថភាពសម្រាប់ការអភិរក្សសមុទ្រ និងការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព។
សម្ដេចធិបតីបានអំពាវនាវបែបនេះ ក្នុងឱកាសអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិ ក្នុងសន្និសីទ អង្គការសហប្រជាជាតិ ស្តីពី មហាសមុទ្រលើកទី៣ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព» នៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចធិបតី ថ្លែងថា “សូមអំពាវនាវដល់សហគមន៍អន្តរជាតិផ្តល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសំខាន់ៗដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងសមត្ថភាពសម្រាប់ការអភិរក្សសមុទ្រ និងការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាព នឹងរួមបញ្ចូលទាំងការធានានូវលទ្ធភាពទទួលបានវិទ្យាសាស្ត្រ ចំណេះដឹង បច្ចេកវិទ្យា និងការផ្តល់មូលនិធិ ជាពិសេសសម្រាប់ការស្រាវជ្រាវសមុទ្រ ការត្រួតពិនិត្យ និងការបង្កើតការអនុវត្តការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព”។
សម្តេចធិបតី បានបន្ថែមទៀតថា យើងត្រូវតែធានាថា គ្មានប្រជាជាតិណាមួយត្រូវបានមើលរំលងក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ដើម្បីការពារមហាសមុទ្រ។ មហាសមុទ្រគ្មានសំឡេង វាពឹងផ្អែកលើយើង! អ្វីដែលយើងធ្វើថ្ងៃនេះនឹងកំណត់ថា តើមហាសមុទ្រនៅតែអាចចិញ្ចឹម និងការពារយើងនៅថ្ងៃស្អែក ឬក៏ក្លាយទៅជាការបំផ្លិចបំផ្លាញដ៏ធំសម្បើមនៃភាពអសកម្មរបស់យើង។
សម្តេចធិបតីបានបញ្ជាក់ដែរថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើសកម្មភាពសហការ និងការពារ ហើយកម្ពុជាក៏សូមអំពាវនាវឲ្យមានសកម្មភាពក្លាហាន រួបរួម និងម៉ឺងម៉ាត់ដើម្បីសមុទ្រ ដើម្បីប្រជាជនយើង និងមនុស្សជំនាន់ក្រោយផងដែរ៕

