ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្របច្ចេកទេសរបស់ក្រុមការងារធនាគារពិភពលោក ដើម្បីគាំទ្រការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្របច្ចេកទេសរបស់ក្រុមការងារធនាគារពិភពលោក ដើម្បីគាំទ្រការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីក្រុមការងារធនាគារពិភពលោក ដែលដឹកនាំដោយលោកស្រី Katelijn Van Den Berg ថ្នាក់នាំគម្រោង និងមន្ត្រីគម្រោងពាក់ព័ន្ធ នៃអង្គភាពគ្រប់គ្រងគម្រោងក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃអង្គភាពអនុវត្តគម្រោង ក្រសួងបរិស្ថាន និងក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងការចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយរបស់តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធ សរុបប្រមាណ ៥០រូប។
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់ការអនុវត្តគម្រោងទាំងបីសមាសភាគរួមមាន៖ ១)អង្គភាពអនុវត្តគម្រោងសមាសភាគទី១ ក្រសួងបរិស្ថាន ២)អង្គភាពគ្រប់គ្រងគម្រោង សមាសភាគទី២ ក្រសួងមហាផ្ទៃ និង៣)អង្គភាពអនុវត្តគម្រោង សមាសភាគទី៣ ក្រសួងសាធារណការ និងដឹកជញ្ជូន៕

