ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ ស្តីពីការគ្រប់គ្រងដីធ្លី និងការបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា

ភ្នំពេញ៖ នៅវិមាន៧មករា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប-នីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ ស្តីពីការគ្រប់គ្រងដីធ្លី និងការបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល ព្រមទាំងថ្នាក់ដឹកនាំយុវជនបក្ស សមាជិក សមាជិកា យុវជនបក្សប្រមាណជាង ៣ ៥០០នាក់។
នៅក្នុងសន្ទរកថាស្វាគមន៍ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានមានប្រសាសន៍ថា វេទិកាស្តីពី៖ «ការគ្រប់គ្រងដីធ្លី និងការបង្កើតបរិយាកាសគ្មានវិវាទដីធ្លីនៅកម្ពុជា» គឺពិតជាមានសារៈសំខាន់ណាស់ដើម្បីពង្រឹងចំណេះដឹងដល់យុវជនអំពីបញ្ហាដីធ្លី សិទ្ធិពលរដ្ឋ និងការចូលរួមក្នុងការរក្សាសន្តិភាព ស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមបណ្ឌិត បន្តថា ជាការពិតណាស់ បញ្ហាវិវាទដីធ្លី គឺបណ្តាលមកពី កត្តានយោបាយ កត្តាសេដ្ឋកិច្ច កត្តា ប្រវត្តិសាស្ត្រ កត្តាសង្គម និងកង្វះចំណេះដឹងផ្នែកច្បាប់ដីធ្លីជាដើម។ វិវាទដីធ្លីនៅកម្ពុជា ជាបញ្ហាក្តៅគគុក និងរសើប ដែលអាចនាំឱ្យកើតមានអសន្តិសុខសង្គម និងបានកើន ឡើងជាលំដាប់ ហើយបានក្លាយជាបញ្ហាសង្គមកាន់តែស្មុគស្មាញឡើងៗ និងអូស បន្លាយពេលជាច្រើនទសវត្សន៍ផងដែរ។ ដោយមើលឃើញបញ្ហាទាំងនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីនយោបាយ គោលនយោបាយ គោលការណ៍ណែនាំ ព្រមទាំង លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីជាបន្តបន្ទាប់ សំដៅពង្រឹង សន្តិសុខកម្មសិទ្ធិដីធ្លី ទីផ្សារដីធ្លី ទប់ស្កាត់ និងដោះស្រាយជម្លោះដីធ្លី ព្រមទាំង គ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយសមធម៌ និរន្តរភាព និងប្រសិទ្ធភាព សំដៅជំរុញការបែងចែកដីធ្លីប្រកបដោយតម្លាភាព។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា វេទិកានេះគឺដើម្បីជំរុញឲ្យយុវជន គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេសចូលរួមយ៉ាងសកម្មជាដៃគូស្ថាប័នរដ្ឋ ដោយបន្តការគាំទ្រលើគោនយោបាយដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំ ប្រទេស ខិតខំថែររក្សាស្នាដៃ សមិទ្ធផលជាច្រើនជាមរតក៌មហាសាលរបស់ថ្នាក់ដឹកនាំជំនាន់មុន និងបង្កើតសមិទ្ធផលថ្មីៗសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នានិងជាពិសេសគឺ ផ្តោតលើការដោះស្រាយបញ្ហាប្រជាជនជាក់ស្តែងក្នុងនោះគឺដាក់ចេញផែនការកាត់បន្ថយ និងលុបបំបាត់វិវាទដីធ្លី លំនៅដ្ឋាននៅកម្ពុជា និងផ្តល់ដីលំនៅដ្ឋាន ដីកសិកម្ម ជូនប្រជាពលរដ្ឋដែលមិនទាន់មាន ដើម្បីជាក្តីសង្ឃឹមនិងអនាគតរឹងមាំ រីកចំរើនរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិតបានអំពាវនាវដល់យុវជនទាំងអស់ឲ្យប្រើប្រាស់វេទិកានេះជាឱកាសរៀនសូត្រកាន់តែច្បាស់អំពីគោលនយោបាយរដ្ឋ, ការអភិវឌ្ឍសង្គម និងការកសាងកិច្ចសហប្រតិបត្តិការជាដៃគូដើម្បីជួយអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប-នីយកម្ម និងសំណង់បានថ្លែងថា ការដឹកនាំដើម្បីសម្រេចបាននូវចក្ខុវិស័យបរិយាកាសគ្មានវិវាទ និងសេដ្ឋកិច្ចរីកចំរើន មិនអាចកើតឡើងដោយចៃដន្យទេ គឺជាការយល់ដឹងពីកត្តាប្រវត្តិសាស្ត្រ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង បច្ចុប្បន្នជាប្រធានព្រឹទ្ធិសភាពកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាអ្នកដឹកនាំ ដែលមានទស្សនៈ និងចក្ខុវិស័យវែងឆ្ងាយទាំងលើផ្នែកនយោបាយ សេដ្ឋកិច្ច ទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងប្រទេស ក្រៅប្រទេស ។ល។និង។ល។
ឯកឧត្តមបានលើកឡើងថា គោលនយោបាយគាំពារសង្គម គឺជាការបង្ហាញថា មិនចោលអ្នកណាម្នាក់ទេ។ រដ្ឋាភិបាលមានបំណងជាក់លាក់ក្នុងការធ្វើឱ្យមនុស្សគ្រប់រូបរស់នៅក្នុងសង្គមដោយមានសុភាពធម៌ ទទួលបានឱកាសស្មើគ្នា មិនឲ្យមានអ្នកអត់ឬក្រក្នុងសង្គម។
ឯកឧត្តមបានបញ្ជាក់ថា សមាជរដ្ឋសភា ព្រឹទ្ធសភា ថ្មីៗនេះគឺជាភស្តុតាងនៃភាពជោគជ័យ និងភាពច្បាស់លាស់ក្នុងការប្រតិបត្តិគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបណ្ឌិត ឧបនាយករដ្ឋមន្ត្រីបន្ថែមថា យើងមិនអាចឈ្នះសង្គ្រាមដោយចុងកាំភ្លើងបានទេ ប៉ុន្តែដោយអំណាចនៃកិច្ចសហប្រតិបត្តិការលើផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អះអាងថា រាជរដ្ឋាភិបាលមាន ចក្ខុវិស័យដឹកនាំកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។ ក្នុងន័យនេះ ថ្នាក់ដឹកនាំប្តេជ្ញាថានឹងបង្កើតនូវ បរិយាកាសគ្មានវិវាទ ដែលស្ថិតនៅលើគោលដៅថ្នាក់ជាតិ និងគោលនយោបាយអភិវឌ្ឍជាប្រព័ន្ធ។
ដើម្បីសម្រេចគោលដៅនេះ ឯកឧត្តមបណ្ឌិត ឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីលក្ខខណ្ឌដើម្បីកសាងជំនឿ និងទំនុកចិត្តក្នុងការដឹកនាំ៖• ធានានិរន្តរភាពនិងដំណើរការរបស់ស្ថាប័ន
• រក្សាស្មារតី និងសតិអារម្មណ៍ជាតិ
• រក្សាសាមគ្គីភាព និងឯកភាព
• ការគាំទ្រពីមន្ត្រីគ្រប់លំដាប់ថ្នាក់។
ឯកឧត្តមបានបង្ហាញនូវគោលនយោបាយ ៦ ចំណុចសំខាន់ដើម្បីបង្កើតបរិយាកាសគ្មានវិវាទ៖
១. ការចុះបញ្ជីដីធ្លី ដែលបានសម្រេច ១៣លានក្បាលដី ជាង ៩៨% នៃគម្រោងសរុប
២. គោលនយោបាយសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ច
៣. ការផ្ដល់សេវាគាប់ចិត្តដល់ប្រជាពលរដ្ឋ
៤. ការថែរក្សាដីធ្លីនៅតំបន់បឹងទន្លេសាប
៥. ការគ្រប់គ្រងតំបន់បេតិកភ័ណ្ឌអង្គរ
៦. ការដោះស្រាយវិវាទបុរី។
ជាចុងបញ្ចប់ឯកឧត្តឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីបញ្ហា “ការ រៀបចំក្រុងឱ្យបានត្រឹមត្រូវ គឺផ្អែកលើកត្តា៖ ទឹក ដី ភ្លើង ខ្យល់”។ ហើយការកសាងផ្ទះត្រូវគិតគូរផ្អែកលើប្រពៃណី សិល្បៈ ទំនៀមទំលាប់ជាតិនិងបានអំពាវនាវឱ្យជំរុញការលើកទឹកចិត្តក្នុងការរចនាសំណង់អាគារសម័យថ្មី ដែលសមរម្យសមស្របជាមួយសង្គមបច្ចុប្បន្ន។
ថ្លែងសុន្ទរកថាបិទក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងដីធ្លី និងបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា»ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល សម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញធ្វើបឋកថារបស់ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប-នីយកម្ម និងសំណង់ និងការចូលរួមយ៉ាងសកម្មពីសំណាក់យុវជនគណបក្សប្រជាជនកម្ពុជា និងក្រុមការងារទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យវេទិកានេះប្រព្រឹត្តទៅដោយជោគជ័យ។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា វេទិកានេះបានបង្ហាញយ៉ាងច្បាស់ពីចក្ខុវិស័យ និងយុទ្ធសាស្ត្រនៃការគ្រប់គ្រងដីធ្លី ដោះស្រាយវិវាទ និងការរក្សាបរិយាកាសសង្គមឱ្យមានស្ថេរភាព។ គន្លឹះនៃការងារសំខាន់ៗរួមមាន៖ ការចុះបញ្ជីដី (១៣លានក្បាលដី), ដោះស្រាយវិវាទដីធ្លី, បុរី, ផ្តល់សេវាបំបំពេញចិត្ត, ការអភិរក្សបឹងទន្លេសាប និងការរៀបចំតំបន់បេតិកភណ្ឌអង្គរ និងម្យ៉ាងទៀតពីសារៈសំខាន់នៃការចូលរួមផ្សព្វផ្សាយគំនិតវិជ្ជមាន និងការរៀបចំខ្លួនសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ ២០២៧ និង ២០២៨ ដើម្បីធានាថា កម្ពុជា ធ្វើដំណើរទៅមុខក្នុងបរិយាកាសនយោបាយមានស្ថេរភាព និងសេដ្ឋកិច្ចរីកចម្រើន។
នៅចុងបញ្ចប់ ឯកឧត្តមបណ្ឌិតបានលើកឡើងថា យុវជនគណបក្សត្រូវបន្តដើរតាមទស្សនវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីកម្ពុជានាឆ្នាំ ២០២៣-២០៥០ ក្លាយទៅជាប្រទេសដែលមានភាពរីកចម្រើនគ្រប់វិស័យ៕

