ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត៖ វិវាទដីធ្លីនៅកម្ពុជា ជាបញ្ហាក្តៅគគុក និងរសើប ដែលអាចនាំឱ្យកើតមានអសន្តិសុខសង្គម និងបានកើនឡើងជាលំដាប់ និងអូសបន្លាយពេលជាច្រើនទសវត្សន៍

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានមានប្រសាសន៍ថា វិវាទដីធ្លីនៅកម្ពុជា ជាបញ្ហាក្តៅគគុក និងរសើប ដែលអាចនាំឱ្យកើតមានអសន្តិសុខសង្គម និងបានកើនឡើងជាលំដាប់ ហើយបានក្លាយជាបញ្ហាសង្គមកាន់តែស្មុគស្មាញឡើងៗ និងអូស បន្លាយពេលជាច្រើនទសវត្សន៍ផងដែរ។
ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថា ក្នុងវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដីធ្លី និងការបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា នៅវិមាន៧មករា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបញ្ជាក់ថា ជាការពិតណាស់ បញ្ហាវិវាទដីធ្លី គឺបណ្តាលមកពី កត្តានយោបាយ កត្តាសេដ្ឋកិច្ច កត្តាប្រវត្តិសាស្ត្រ កត្តាសង្គម និងកង្វះចំណេះដឹងផ្នែកច្បាប់ដីធ្លីជាដើម។
ឯកឧត្តមបណ្ឌិតបន្តថា ដោយមើលឃើញបញ្ហាទាំងនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីនយោបាយ គោលនយោបាយ គោលការណ៍ណែនាំ ព្រមទាំង លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីជាបន្តបន្ទាប់ សំដៅពង្រឹង សន្តិសុខកម្មសិទ្ធិដីធ្លី ទីផ្សារដីធ្លី ទប់ស្កាត់ និងដោះស្រាយជម្លោះដីធ្លី ព្រមទាំង គ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយសមធម៌ និរន្តរភាព និងប្រសិទ្ធភាព សំដៅជំរុញការបែងចែកដីធ្លីប្រកបដោយតម្លាភាព។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា វេទិកានេះគឺដើម្បីជំរុញឲ្យយុវជន គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេសចូលរួមយ៉ាងសកម្មជាដៃគូស្ថាប័នរដ្ឋ ដោយបន្តការគាំទ្រលើគោនយោបាយដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេស ខិតខំថែររក្សាស្នាដៃ សមិទ្ធផលជាច្រើនជាមរតក៌មហាសាលរបស់ថ្នាក់ដឹកនាំជំនាន់មុន និងបង្កើតសមិទ្ធផលថ្មីៗសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នានិងជាពិសេសគឺ ផ្តោតលើការដោះស្រាយបញ្ហាប្រជាជនជាក់ស្តែងក្នុងនោះគឺដាក់ចេញផែនការកាត់បន្ថយ និងលុបបំបាត់វិវាទដីធ្លី លំនៅដ្ឋាននៅកម្ពុជា និងផ្តល់ដីលំនៅដ្ឋាន ដីកសិកម្ម ជូនប្រជាពលរដ្ឋដែលមិនទាន់មាន ដើម្បីជាក្តីសង្ឃឹមនិងអនាគតរឹងមាំ រីកចំរើនរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិតបានអំពាវនាវដល់យុវជនទាំងអស់ឲ្យប្រើប្រាស់វេទិកានេះជាឱកាសរៀនសូត្រកាន់តែច្បាស់អំពីគោលនយោបាយរដ្ឋ, ការអភិវឌ្ឍសង្គម និងការកសាងកិច្ចសហប្រតិបត្តិការជាដៃគូដើម្បីជួយអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា វេទិកានេះក៏បានបង្ហាញយ៉ាងច្បាស់ពីចក្ខុវិស័យ និងយុទ្ធសាស្ត្រនៃការគ្រប់គ្រងដីធ្លី ដោះស្រាយវិវាទ និងការរក្សាបរិយាកាសសង្គមឱ្យមានស្ថេរភាព។ គន្លឹះនៃការងារសំខាន់ៗរួមមាន៖ ការចុះបញ្ជីដី (១៣លានក្បាលដី), ដោះស្រាយវិវាទដីធ្លី, បុរី, ផ្តល់សេវាបំបំពេញចិត្ត, ការអភិរក្សបឹងទន្លេសាប និងការរៀបចំតំបន់បេតិកភណ្ឌអង្គរ និងម្យ៉ាងទៀតពីសារៈសំខាន់នៃការចូលរួមផ្សព្វផ្សាយគំនិតវិជ្ជមាន និងការរៀបចំខ្លួនសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ ២០២៧ និង ២០២៨ ដើម្បីធានាថា កម្ពុជា ធ្វើដំណើរទៅមុខក្នុងបរិយាកាសនយោបាយមានស្ថេរភាព និងសេដ្ឋកិច្ចរីកចម្រើន។
ឯកឧត្តមបណ្ឌិតបានលើកឡើងថា យុវជនគណបក្សត្រូវបន្តដើរតាមទស្សនវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីកម្ពុជានាឆ្នាំ ២០២៣-២០៥០ ក្លាយទៅជាប្រទេសដែលមានភាពរីកចម្រើនគ្រប់វិស័យ៕

