ព្រះមហាក្សត្រ៖ មាតុភូមិកម្ពុជានៃយើង គឺជាទឹកដីដ៏ស្រស់បំព្រងពោរពេញដោយសម្បត្តិធម្មជាតិ

ភ្នំពេញ៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី មានព្រះបន្ទូលថា មាតុភូមិកម្ពុជា គឺជាទឹកដីដ៏ស្រស់បំព្រងពោរពេញដោយសម្បត្តិធម្មជាតិ ដែលបុព្វបុរសខ្មែរ បានថែរក្សាកេរដំណែលនេះទុកសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា។
ព្រះមហាក្សត្រនៃកម្ពុជា មានព្រះរាជបន្ទូលដូចនេះ ក្នុងឱកាសដែលព្រះអង្គយាងជាព្រះរាជអធិបតីបើកព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)» នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ។
ព្រះមហាក្សត្រ មានព្រះបន្ទូលទៀតថា «មាតុភូមិកម្ពុជានៃយើង គឺជាទឹកដីដ៏ស្រស់បំព្រងពោរពេញដោយសម្បត្តិធម្មជាតិ ដែលបុព្វ បុរសយើងបានថែរក្សាកេរដំណែលនេះទុកសម្រាប់យើងទាំងអស់គ្នា ។ ពីជួរភ្នំដ៏ខ្ពស់ត្រដែត ព្រៃឈើ ដ៏ខៀវស្រងាត់ស្រស់ត្រកាល ទន្លេមេគង្គ បឹងទន្លេសាបដែលជាមរតកធនធានធម្មជាតិដ៏សម្បូរបែប រហូតដល់តំបន់ឆ្នេរសមុទ្ទដ៏ស្រស់រស់រវើក និងប្រជុំកោះតូចធំជាច្រើន។ សម្បត្តិធម្មជាតិទាំងអស់នេះ ហើយគឺជាសរសៃឈាម នៃជីវិត និងជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់យើង»។
ព្រះមហាក្សត្រ មានព្រះបន្ទូលបន្ថែមថា ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ គឺជាឫសគល់នៃវប្បធម៌ ប្រពៃណី និងជំនឿរបស់ ប្រជាជនខ្មែរយើងតាំងពីបុរាណកាលមក ។ ការរស់នៅដោយការគោរពធម្មជាតិ មិនបំផ្លាញធម្មជាតិ និងចេះប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលយើងត្រូវបន្តថែរក្សាការពារ និងពង្រឹងឱ្យបានខ្ជាប់ខ្ជួនសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ។
ព្រះមហាក្សត្រ មានព្រះបន្ទូលបន្ដថា ប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” សម្រាប់ទិវាបរិស្ថានឆ្នាំ២០២៥នេះ គឺជា ការក្រើនរំឭក និងការអំពាវនាវមួយសម្រាប់យើងទាំងអស់គ្នាឱ្យរួមគ្នាធ្វើសកម្មភាពប្រកបដោយការ ទទួលខុសត្រូវខ្ពស់។ ការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័ន ណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន គ្រួសារនីមួយៗ និងបុគ្គលគ្រប់រូប ទាំងកម្រិត ជាតិ តំបន់ និងអន្តរជាតិ និងសូមបន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក “ កម្ពុជាស្អាត ខ្មែរធ្វើបាន ”៕

