វៀតណាមមានគម្រោងសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ ង្វៀន តិន គឿង(Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានលើកឡើងអំពីគម្រោងនៃការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅសារមន្ទីរនៃប្រទេសវៀតណាម ដោយគម្រោងនៃការសាងសង់ស្តូបនេះ នឹងបង្ហាញទៅកាន់ប្រទេសជាតិ និងអន្តរជាតិឱ្យបានយល់កាន់តែស៊ីជម្រៅ អំពីទំនាក់ទំនងដ៏ស្អិតរមួនរវាង កម្ពុជានិងវៀតណាមនៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងវិស័យកងទ័ព ដែលបានតវ៉ាងើបពីអាណានិគមនាពេលកន្លងមក។
ការលើកឡើងរបស់នាយឧត្ដមសេនីយ៍ ង្វៀន តិន គឿង(Nguyen Tan Cuong)បែបនេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមាន៧មករា នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។
ឧត្ដមសេនីយ៍ ង្វៀន តិន គឿង បានសរសើរពីការរីកចម្រើនរបស់កម្ពុជា ជាពិសេសការថែរក្សាបាននូវស្ថិរភាព សន្តិភាពនៅក្នុងប្រទេស និងភាពរីកចម្រើននៃសេដ្ឋកិច្ច។
នៅក្នុងជំនួបសម្ដេចតេជោ បានមានប្រសាសន៍ពីទំនាក់ទំនង រវាងកម្ពុជា និងវៀតណាម ជាពិសេសរំលឹកព្រឹត្តិការណ៍ថ្ងៃ២០ មិថុនា ឆ្នាំ២០២៥ ខាងមុខ ដែលជាខួបទី៤៨ ឆ្នាំ នៃដំណើររបស់សម្ដេចឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីឈានទៅរកការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ហើយនៅពេលខាងមុខនោះរដ្ឋមន្ត្រីការពារជាតិកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតី។
សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា សម្រាប់ខួបទី៥០ (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ) សម្ដេចនឹងអញ្ជើញទៅផ្ទាល់តែម្ដង ដើម្បីរំលឹកនូវប្រវត្តិសាស្ត្រ ក្នុងពេលដែលសម្ដេចធ្វើដំណើរចូលទៅកាន់ប្រទេសវៀតណាម ដោយយកអាយុជីវិតជាដើមទុនដើម្បីមករំដោះប្រទេសជាតិ។
សម្ដេចតេជោក៏បានរំលេចផងដែរ ទាក់ទងទៅនឹងការកសាងស្តូបអនុស្សាវរីយ៍កម្ពុជា-វៀតណាម ដែលស្តុបនេះគឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោដែលស្នើតាំងពីមុនឆ្នាំ២០២០ គឺមុនកូវីដ១៩ ដើម្បីធ្វើយ៉ាងណាឱ្យមានស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងប្រទេសវៀតណាម ដែលនេះគឺជាការឆ្លុះបញ្ចាំងអំពីការដឹងគុណគ្នាទៅវិញទៅមក។ ទាក់ទងទៅនឹងការអញ្ជើញរបស់ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញសម្ដេចចូលរួមក្នុងខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃឯករាជ្យជាតិវៀតណាម សម្ដេចនឹងអញ្ជើញទៅចូលរួមនាពេលខាងមុខផងដែរ៕

