សម្ដេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោកស្រី អ៊ុក ពង្សបុប្ផា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោកស្រី អ៊ុក ពង្សបុប្ផា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ការបាត់បង់ លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះ កូនៗ ចៅៗ រួមនឹងញាតិមិត្តជិតឆ្ងាយ ជាពិសេស គឺជាការបាត់បង់ដ៏ធំធេងនូវធនធានមនុស្សដ៏ឆ្នើមមួយរូប ដែលពោរពេញដោយទេពកោសល្យជ្រៅជ្រះក្នុងវិស័យកីឡាគុនល្បុក្កតោខ្មែរល្បីល្បាញរន្ទឺលើពិភពលោក ជាក់ស្តែង ការដាក់បញ្ចូលកីឡាគុនល្បុក្កតោខ្មែរជាលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាំឱ្យកម្ពុជាទទួលបានកំណើនមេដាយបន្ថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន សូមឱ្យឆាប់បានយោនយកកំណើតកើតនៅក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

