ថៃជំរុញឱ្យយោធាអនុវត្តការអត់ធ្មត់ជាការឆ្លើយតបទៅនឹងការកើនឡើងនៃភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ

បាងកក ៖ នាយក រដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ឈិនៈវ៉ាត់ និង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិលោក ភូមថាំ វេចយ៉ាឆៃ បានជំរុញឱ្យយោធាអនុវត្តការអត់ធ្មត់ជាការឆ្លើយតបទៅនឹងការកើនឡើងនៃភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ និងជំរុញ យោធា កុំ ឱ្យ បិទ ព្រំដែន ដោយ លើក ឡើង ពី កង្វល់សេដ្ឋកិច្ច ជុំវិញ ការ រំខាន ពាណិជ្ជកម្ម ឆ្លង ព្រំដែន។
កាសែត The Nation បានចុះផ្សាយថា យោងតាមប្រភពយោធា កងទ័ពភូមិន្ទថៃបានជូនដំណឹងដល់រាជរដ្ឋាភិបាលថា កម្ពុជាបានលុកលុយតំបន់ដែលត្រូវបានចាត់ទុកថាស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ថៃ។ ជាការឆ្លើយតប យោធាថៃបានស្នើឱ្យបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា ដើម្បីដាក់សម្ពាធ និងតវ៉ាលើភាគីកម្ពុជា។
សូមជម្រាបកន្លែងនេះបន្តិចថា បន្ទាប់ពីផ្ទុះអាវុធរវាងកង័ពកម្ពុជា-ថៃ កងទ័ពកម្ពុជាម្នាក់ បានបាត់បង់ជីវិត។
ក្រសួងការពារជាតិកម្ពុជា ប្រកាសថា កងទ័ពថៃ ជាអ្នកចូលមកដល់លេណដ្ឋានកងទ័ពកម្ពុជា និងបានបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា។ ជាមួយគ្នានេះ ក្រសួងការបរទេសកម្ពុជា បានធ្វើកំណត់ទូតផ្ញើទៅស្ថានទូតថៃប្រចាំកម្ពុជា ដើម្បីទាមទារឱ្យភាគីថៃ ស៊ើបអង្កេតជាបន្ទាន់ និងម៉ត់ចត់លើហេតុការណ៍ផ្ទុះអាវុធបណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់បាត់បង់ជីវិត ហើយបុគ្គល[ខាងភាគីថៃ]ដែលជាប់ពាក់ព័ន្ធនឹងអំពើបាញ់ប្រហារនេះ ត្រូវតែនាំមកផ្តន្ទាទោសតាមច្បាប់។
រាជរដ្ឋាភិបាលថៃ បានណែនាំប្រឆាំងនឹងវិធានការជាបន្ទាន់ ដោយលើកឡើងពីការព្រួយបារម្ភអំពីផលប៉ះពាល់សេដ្ឋកិច្ចដែលអាចកើតមាន ជាពិសេសលើពាណិជ្ជកម្មឆ្លងដែន និងការភ័យខ្លាចនៃការធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់បញ្ហាប្រឈមសេដ្ឋកិច្ចផ្ទៃក្នុងរបស់ប្រទេសថៃ។ រាជរដ្ឋាភិបាលថៃ បានសង្កត់ធ្ងន់លើសារសំខាន់នៃដំណោះស្រាយការទូត ជាពិសេសជាមួយនឹងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ដែលគ្រោងធ្វើនៅពាក់កណ្តាលខែមិថុនានេះ។
ប្រភពបានបង្ហើបថា បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការបិទព្រំដែនដ៏មានសក្តានុពលរបស់ប្រទេសថៃរួចមក ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បានទូរសព្ទផ្ទាល់ទៅកាន់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភូមថាំ ដើម្បីសុំកុំឱ្យថៃបិទព្រំដែន។ លើសពីនេះទៀត លោកស្រី ផែថងថាន បានណែនាំលោក ភូមថាំ ឱ្យចូលរួមការសន្ទនាដោយផ្ទាល់ជាមួយយោធា ដើម្បីពង្រឹងជំហររបស់រាជរដ្ឋាភិបាលចំពោះវិធីសាស្ដ្រការទូត។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation៕
