សម្តេចតេជោ គាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាល បញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនកម្ពុជា-ថៃ ដើម្បីត្រៀមវាយបកករណីមានការឈ្លានពានបន្តទៀត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានប្រកាសគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាល បញ្ជូនកងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនកម្ពុជា-ថៃ ដើម្បីត្រៀមវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។
ការប្រកាសរបស់សម្តេចតេជោបានធ្វើឡើងបន្ទាប់ពីសកម្មភាពរបស់ទាហានថៃ ដែលចូលមកវាយឆ្មក់ទាហានកម្ពុជា នៅចំណុចព្រំដែនមុំបី ក្នុងខេត្តព្រះវិហារបណ្ដាលឱ្យទាហានកម្ពុជាម្នាក់បានស្លាប់។
តាមរយៈបណ្ដាញសង្គមនៅយប់ថ្ងៃទី២៨ ខែឧសភានេះ សម្តេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា “ដំបូងខ្ញុំសូមសំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ទបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។ ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ដែលខ្ញុំសូមថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាពឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ។
ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ ខ្ញុំសង្ឃឹមថាកាចរចាដែលនឹងត្រូវធ្វើ នៅថ្ងែស្អែករវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងទទួលបានផលល្អ។ ខ្ញុំសង្ឃឹមថានិងមិនមានភាពតានតឹងទូទាំងបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ រហូតដល់រាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍នៃប្រទេសទាំងពីរនោះឡើយ។
ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិ សូមមេត្តាកុំពង្រីកនូវជម្លោះនេះឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍ និងសូមជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាលនិងកងទ័ពនៃប្រទេសទាំងពីរ។ យើងស្អប់សង្រ្គាមតែយើងបង្ខំចិត្តត្រូវធ្វើសង្រ្គាមដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ដូចដែលបានធ្វើកាលពីឆ្នាំ២០០៨ដល់២០១១ ដែលប្រើមុខព្រួញ៣គឺ យោធា ការទូត និងផ្លូវច្បាប់”៕


