កងកម្លាំងរុស្ស៉ីបានចាប់យកភូមិចំនួន ៤ ដែលជាផ្នែកមួយនៃការប៉ុនប៉ងបង្កើត «តំបន់ការពារ» នៅលើទឹកដីអ៊ុយក្រែន

កៀវ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័តមាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ ២០២៥ មន្រ្តីប្រចាំតំបន់ Sumy របស់អ៊ុយក្រែន បាននិយាយថា កងកម្លាំងរុស្ស៉ីបានចាប់យកភូមិចំនួន ៤ ដែលជាផ្នែកមួយនៃការប៉ុនប៉ងបង្កើត «តំបន់ការពារ» នៅលើទឹកដីអ៊ុយក្រែន។
អ្នកសរសេរប្លុកយោធា និងយោធារុស្ស៉ី បានរាយការណ៍ប៉ុន្មានថ្ងៃមកហើយ អំពីការចាប់យកបានភូមិក្នុងតំបន់ Sumy នេះ។ តាមអភិបាលតំបន់ លោក Oleh Hryhorov ភូមិចំនួន ៤ដែលកងកម្លាំងរុស្ស៉ីចាប់យកបាន មានដូចជា Novenke, Basivka, Veselivka និង Zhuravka។ ចំណែកអ្នក ស្រុកនៅទីនោះ ត្រូវ បាន ជម្លៀសចេញ យូរ មក ហើយ។
លោកបានគូសបញ្ជាក់ទៀតថា «សត្រូវ (រុស្ស៉ី) កំពុង បន្ត ព្យាយាម រុលទៅ មុខ ក្នុង គោល បំណង បង្កើតតំបន់ ការពារ។ រីឯកងកម្លាំងអ៊ុយក្រែន កំពុងព្យាយាមគ្របគ្រងស្ថានការណ៍ និងបានធ្វើឱ្យសត្រូវខូចខាតវិញ»។
គួរបញ្ជាក់ថា Sumy គឺជាតំបន់ដែលនៅទល់មុខនឹងតំបន់ Kursk របស់រុស្ស៉ី។ ទីនេះស្ថិតក្រោមការវាយប្រហារ តាមផ្លូវអាកាសជាញឹកញាប់របស់រុស្ស៉ី អស់រយៈពេលជាច្រើនខែមកហើយ៕
