វិស័យឯកជន បានប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅរយៈពេល១០ឆ្នាំខាងមុខ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ជាមួយវិស័យឯកជន លើសេចក្តីព្រាងឯកសារផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC3.0) ដោយមានការចូលរួមពីវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សរុបប្រមាណ៥០នាក់។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការបានលើកឡើងថា នៅក្នុងឆ្នាំ២០២០ កម្ពុជាបានអនុម័តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC2.0) ជាមួយនឹងគោលដៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សរុបប្រមាណ៤២% ត្រឹមឆ្នាំ២០៣០។ ទោះបីជាប្រទេសដែលបានរួមចំណែកតិចតួចជាប្រវត្តិសាស្ត្រ ក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកល កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស៤៩ នៃប្រទេសសមាជិកទាំង១៩៧ របស់ UNFCCC និងបានដាក់ជូននូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ដែលមានគោលដៅជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ ទៅកាន់សលេខាធិការដ្ឋាន UNFCCC ដែលនេះជាវឌ្ឍនភាពមួយ និងត្រូវបានសាទរពីសហគមន៍អន្តរជាតិ។
ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានបន្ថែមទៀតថា នៅក្នុង NDC2.0 វិស័យឯកជនតែងតែបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ ការកាត់បន្ថ័យឧស្មន័ផ្ទះកញ្ជក់រហូត៥០វិធានការ និងការបន្ស៊ាំរហូតដល់៨០វិធានការ និងសម្រេចបានជោគជ័យគួរឱ្យកត់សំគាល់។
ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានស្នើឱ្យក្រុមការងារដែលរៀបចំ NDC3.0 ត្រូវបន្តកិច្ចសហការគ្នាល្អ និងពិគ្រោះយប់បន្ថែមទៀតគ្រប់ភាគីពាក់ពន្ធទាំងអស់ដើម្បីឱ្យប្រាកដថាធាតុចូលទាំងអស់ត្រូវមានការឯកភាព និងការអនុម័ត ដើម្បីបញ្ចប់នូវរាល់ការងារដែលនៅសេសល់មុននឹងការរៀបចំ សិក្ខាសាលា ផ្តល់សុពលភាពចុងក្រោយ ដែលគ្រោងនឹងរៀបចំ នាដំណាច់ខែមិថុនា ខាងមុខនេះ៕