នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រកាសថា កិច្ចពិភាក្សាដាច់ដោយឡែកជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា និងគូប្រជែងសំខាន់ៗទទួលបានផ្លែផ្កាល្អប្រសើរ

គូឡាឡាំពួ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រកាសថា កិច្ចពិភាក្សាដាច់ដោយឡែកជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា និងគូប្រជែងសំខាន់ៗទទួលបានផ្លែផ្កាល្អប្រសើរ ដោយបានកំណត់ដំណាក់កាលដំបូងសម្រាប់ទំនាក់ទំនងដោយផ្ទាល់រវាងភាគីនៅក្នុងសង្គ្រាមស៊ីវិលទាំងពីរ។
ប្រមុខរបបយោធាលោក មីន អ៊ោងឡាំង បានជួបជាមួយលោក អាន់វ៉ា កាលពីខែមុន ហើយមួយថ្ងៃក្រោយមកមេដឹកនាំម៉ាឡេស៊ីបានពិភាក្សាតាមអនឡាញជាមួយរដ្ឋាភិបាលរួបរួមជាតិ (NUG)។ NUG ជាចំណែកមួយនៃរដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានទម្លាក់ពីតំណែងនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ ដឹកនាំដោយលោក មីន អ៊ោងឡាំង។ ភាគីទាំងពីរបានដឹងអំពីការពិភាក្សានេះ ដោយបានគូសបញ្ជាក់អំពីឆន្ទៈរបស់លោក មីន អ៊ោងឡាំង ក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាព បើទោះបីជាបានចាត់ទុករដ្ឋាភិបាលស្រមោលថាជាភេរវករក៏ដោយ។
អ្នកនាំពាក្យរបស់ NUG លោក ណៃ ផុនឡាត (Nay Phone Latt) បាននិយាយថា រដ្ឋាភិបាលស្រមោលនឹងបើកចំហដើម្បីពិភាក្សាជាមួយរបបយោធា ប្រសិនបើពួកគេយល់ព្រមលើលក្ខខណ្ឌចំនួន៦ ដែលរួមបញ្ចូលការបង្កើតសហភាពប្រជាធិបតេយ្យសហព័ន្ធថ្មី ក្រោមរដ្ឋធម្មនុញ្ញថ្មី ដោយគ្មានតួនាទីយោធានៅក្នុងនយោបាយ និងការបង្កើតក្របខ័ណ្ឌយុត្តិធម៌អន្តរកាល។ ប្រសិនបើយោធាមីយ៉ាន់ម៉ាយល់ព្រមតាមលក្ខខណ្ឌទាំងនេះ ការសន្ទនាជាមួយអាជ្ញាធរយោធាទាក់ទងនឹងការបញ្ចប់រដ្ឋប្រហារ និងការផ្លាស់ប្ដូរអំណាចដោយសន្តិវិធីនឹងត្រូវធ្វើឡើង។
គំនិតផ្តួចផ្តើមរបស់លោក អាន់វ៉ា ដែលបានចាប់ផ្តើមក្នុងនាមប្រធានអាស៊ានឆ្នាំនេះ គឺជាលើកដំបូងដែលរបបយោធាបង្ហាញឆន្ទៈចំពោះការសន្ទនាចាប់តាំងពីភាពចលាចលរបស់មីយ៉ាន់ម៉ាបន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈឆ្នាំ២០២១។ គួរបញ្ជាក់ថា អំពើហិង្សាបានសម្លាប់មនុស្សរាប់ពាន់នាក់ បង្ខំឱ្យមនុស្សជាង ៣,៥លាននាក់ភៀសខ្លួន និងបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕
