រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ជលផលនិងសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ នៅទីបំផុតវេលាម៉ោង១៨:១២នាទី ថ្ងៃទី២២ ខែមេសាឆ្នាំ២០២៥ សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ បានបិទបញ្ចប់ដោយបានដំណើរនីតិវិធីនិងការពិភាក្សានិងអនុម័តលើរបៀបវារៈចំនួន២៩។ របៀបវារៈចំនូនពីរចុងក្រោយគឺការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ជលផល និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សេចក្ដីព្រាងច្បាប់ស្តីពីជលផល រៀបចំឡើងដើម្បីជំនួសសេចក្ដីព្រាងច្បាប់ជលផល ឆ្នាំ២០០៦ និងមានគោលបំណងគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យជលផលឱ្យមានប្រសិទ្ធភាព សំដៅបន្តធានាសន្តិសុខស្បៀង ប្រកបដោយនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ព្រមទាំងការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករ ស្របតាមបរិបទនៃការរីកចម្រើនសេដ្ឋកិច្ចសង្គម បច្ចេកវិទ្យា និងចូលរួមក្នុងការគ្រប់គ្រង ព្រមទាំងអភិរក្សធនធានជលផល ប្រកបដោយនិរន្តរភាព ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ជាពិសេសប្រឆាំងនឹងសកម្មភាពពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបញ្ញត្តិ។
សេចក្តីព្រាងច្បាប់ស្តីពី ជលផល រួមមាន១៥ជំពូក ១០៤មាត្រា និងមាន២ឧបសម្ព័ន្ធ។ ក្រោយពីបានពិភាក្សានិងអនុម័តមួយជំពូកម្តងៗ អង្គរដ្ឋសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។
ចំពោះការពិភាក្សា និងការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាវិញ។
សេចក្ដីព្រាងច្បាប់ ដែលមានចំនួន៣មាត្រានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ដូចជាដើម្បីវាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើងនៅក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដើម្បីដាក់ចេញនូវវិធានការសកម្មភាព និងកម្មវិធីអាទិភាពទាំងឡាយជាលក្ខណៈវិស័យ និងអន្តរវិស័យ ដែលជាមគ្គទេសក៍សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួន ដោយតម្រឹមតម្រង់ជាមួយនឹងគោលដៅយុទ្ធសាស្ត្ររួមនៃការអភិវឌ្ឍន៍ជាតិ និងធានានូវបាវចនាទាំង៥របស់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺ កំណើន ការងារ សមភាព ប្រសិទ្ធិភាព និងចីរភាព និងដើម្បីដាក់ចេញជាយន្តការមួយសម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃសំដៅធានាការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយជោគជ័យ។
អង្គរដ្ឋសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។
សរុបមកសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ បានពិភាក្សា និងអនុម័តនូវរបៀបវារៈទាំង២៩ ចប់សព្វគ្រប់ នៅវេលាម៉ោង ១៨:១២នាទី ល្ងាចថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៥៕

