អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតែមានរបៀបវារៈកិច្ចប្រជុំរួមមានការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ រៀបចំព្រឹត្តិការណ៍សាធារណៈដើម្បីផ្សព្វផ្សាយអំពាវនាវនិងបំផុសចលនាគៀងគរការបរិច្ចាគពីសប្បុរសជនគ្រប់មជ្ឈដ្ឋានទូទាំងខេត្តដើម្បីគាំទ្រនិងចូលរួមមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ នឹងបញ្ហាមួយទៀតទេការការពារខ្សែក្រវាត់បន្ទាត់ព្រំដែន។
ឯកឧត្តម អ៊ុំរាត្រី បានមានប្រសាសន៍ថា មូលនិធិគន្ធបុប្ផាកម្ពុជាបានប្រកាសរៀបចំយុទ្ធនាការ ១ម៉ឺនរៀលមួ១ម៉ឺននាក់ឆ្នាំ២០២៥ សម្រាប់កុមារកម្ពុជារយៈពេលមួយខែពេញ ដែលគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២៥ យុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់ សម្រាប់កុមារកម្ពុជាជាយុទ្ធនាការប្រចាំឆ្នាំ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរទិវា កុមារអន្តរជាតិ១មិថុនានិងបំផុសស្មារតីខ្មែរជួយខ្មែរ តាមរយៈការអំពាវនាវ ការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាទោះតិចក្ដីច្រើនក្ដីពីសំណាក់សប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេសដើម្បីរួមគ្នាផ្តល់នូវក្តីស្រឡាញ់ដល់កុមារនៅកម្ពុជាជាពិសេសក្នុងឱកាសនៃទិវាកុមារអន្តរជាតិ ១មិថុនា។
ឯកឧត្ដម បន្តថា ក្នុងន័យនេះរដ្ឋបាលខេត្តសូមអំពាវនាវដល់ឯកឧត្តមលោកជំទាវអស់លោកលោកស្រីតែជាថ្នាក់ដឹកនាំមន្ត្រីរាជការមេត្តាចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងយុទ្ធនាការមួយម៉ឺនរៀលមួយម៉ឺននាក់ឲ្យបានគ្រប់គ្រប់គ្នាដើម្បីធានានិរន្តរភាព និងដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុង ន័យជួយសង្គ្រោះកុមារកម្ពុជា ។
ចុងក្រោយឯកឧត្តមអភិបាលខេត្តបានធ្វើការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំបំពេញភារៈកិច្ចរបស់ខ្លួនដោយភាពទទួលខុសត្រូវ ពិសេសរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អនិងបានធ្វើការទប់ស្កាត់ក្មេងទំនើងជាដើម និងសុំឲ្យកងកម្លាំងដែលកំពុងឈរជើងការពារខ្សែបន្ទាត់ ទោះយ៉ាងណារឹតបន្តឹងទទួលខុសត្រូវឲ្យបានម៉ឺងម៉ាត់រួមគ្នាថាការធ្វើយ៉ាងណាឲ្យមានសុខសន្តិភាពហើយចំពោះជនអន្តោប្រវេសន៍ដែលស្នាក់នៅតាមបណ្ដាសណ្ឋាគារផ្ទះសំណាក់កាស៊ីណូ ត្រូវសហការត្រួតពិនិត្យឲ្យបានជាប់លាប់ផងដែរ៕

