ឯកឧត្ដម ម៉ាង ស៊ីណេត៖ ក្នុងរយៈពេលកន្លងមក វិស័យឧស្សាហកម្មខេត្តព្រះសីហនុ មានការរីកចំរើនខ្លាំង ក្រោមការជ្រោមជ្រែងពីរដ្ឋាភិបាលចិន ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ

ភ្នំពេញ៖ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានជួបសម្ដែងការគួរសមពិភាក្សាការងារ និងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។
ក្នុងកិច្ចប្រជុំឯកឧត្ដម ម៉ាង ស៊ីណេត បានរៀបរាប់ពីសក្តានុពលនានាដែលបានលេចរូបរាងឡើងប្រកបដោយផ្លែផ្កា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនោះមានផ្លូវទឹក ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស ជាពិសេសផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សាងសង់ឡើងដោយក្រុមហ៊ុនចិន។ នៅឆ្នាំ២០៣០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងអាចឲ្យនាវាធ្វើចរាចរណ៍នៅលើពិភពលោកអាចចូលចតបាន ខណៈបច្ចុប្បន្នកំពុងសាងសង់ជា៣ដំណាក់កាលមានជំរៅទឹករហូតដល់ ១៧,៥០ម៉ែត្រ។
ឯកឧត្ដមអភិបាលបានបន្ថែមថា ក្នុងរយៈពេលកន្លងមក វិស័យឧស្សាហកម្មខេត្តព្រះសីហនុ មានការរីកចំរើនខ្លាំង ក្រោមការជ្រោមជ្រែងពីរដ្ឋាភិបាលចិន ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ។ ជាក់ស្តែងក្នុងឆ្នាំ២០២៥នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ ដែលជាសមិទ្ធផលលេចធ្លោក្នុងបដិវត្តឧស្សាហកម្មក្នុងរយៈពេល៩ឆ្នាំ។
តាមរយៈកិច្ចប្រជុំដែលទទួលបានផ្លែផ្កាមួយនេះឯកឧត្ដម ម៉ាង ស៊ីណេត ត្រៀមស្វាគមន៍គ្រប់ពេលរាល់អ្នកវិនិយោគ និងអ្នកទេសចរណ៍ចិនដែលមានបំណងមកលេងកម្សាន្ត ឬបោះទុនវិនិយោគតូចធំក្តី អាចសំឡឹងទឹកដីខេត្តព្រះសីហនុឲ្យបានកាន់តែច្រើនកាន់តែល្អ។
លោក ស៊ូ គុនលីន អភិបាលខេត្តជាំងស៊ូ បានរម្លឹកថា កាលពីឆ្នាំ២០២២ លោកបានទទួលអភិបាលខេត្តព្រះសីហនុ នៅខេត្តជាំងស៊ូ ដែលពេលនោះសម្រេចបានក្រុមហ៊ុន១០០ ហើយថ្ងៃនេះមានក្រុមហ៊ុន២០០វិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
អភិបាលខេត្តជាំងស៊ូ បានបញ្ជាក់ថា ខេត្តជាំងស៊ូ ជាប់សមុទ្រភាគខាងកើត នៃប្រទេសចិន ប្រជាជនជាង៨៥លាននាក់ មានសេដ្ឋកិច្ចមានការរីកចម្រើន ហើយដំណើទស្សនកិច្ចនាពេលនេះ ក្នុងគោលបំណងអនុវត្តនូវ កិច្ចសហប្រតិបត្តិការលើគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ព្រោះគម្រោងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ជាគម្រោងកិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា តាមរយៈគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ ហើយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានក្រុមហ៊ុនចំនួន២០០។ លោកសង្ឃឹមថា នឹងទទួលបានក្រុមហ៊ុនពី៣០០ ទៅ៤០០ នៅថ្ងៃខាងមុខ៕

