លោក អេម៉ានូអែល ម៉ាក្រុង ត្រូវបានគេរំពឹងថានឹងពិភាក្សាជាមួយមេដឹកនាំវៀតណាមនៅសប្តាហ៍ក្រោយ

បរទេស៖ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល គឺជាបញ្ហាចម្បងដែលប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ត្រូវបានគេរំពឹងថានឹងពិភាក្សាជាមួយមេដឹកនាំវៀតណាមនៅសប្តាហ៍ក្រោយ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អតីតប្រទេសក្រោមអាណានិគម ខណៈកិច្ចព្រមព្រៀងរាប់សិបមុខអាចនឹងត្រូវចុះហត្ថលេខា។
ដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាមរបស់ប្រធានាធិបតីបារាំង ក្នុងរយៈពេលជិតមួយទសវត្សរ៍ គឺជាផ្នែកនៃដំណើរទស្សនកិច្ចដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍។ លោក ម៉ាក្រុង គ្រោងនឹងទៅដល់រដ្ឋធានីហាណូយនៅថ្ងៃទី២៥ឧសភា មុនបន្តដំណើរទៅប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី២៧ឧសភា ហើយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី ជាកន្លែងដែលលោកនឹងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ Shangri-La Dialogue ជាសន្និសីទការពារកំពូលរបស់អាស៊ី ដែលចាប់ផ្តើមនៅថ្ងៃទី៣០ ខែឧសភា។
ការិយាល័យប្រធានាធិបតីបារាំង ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា កិច្ចព្រមព្រៀងរាប់សិបមុខកំពុងត្រូវបានរៀបចំ ហើយអាចត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចនេះ។
មន្ត្រីម្នាក់ដែលដឹងអំពីការចរចា បង្ហើបឱ្យដឹងថា កតិកាសញ្ញាប្រហែល៣០ កំពុងស្ថិតក្រោមការពិភាក្សាមុនពិធីចុះហត្ថលេខានៅថ្ងៃចន្ទទី២៦ឧសភា។ លោក ម៉ាក្រុង កំពុងដើរតាមគន្លងមេដឹកនាំចិន ជប៉ុន និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ក្នុងការបំពេញទស្សនកិច្ចបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍នាប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងសញ្ញានៃសារសំខាន់ជាយុទ្ធសាស្ត្ររបស់តំបន់ ចំពេលមានភាពមិនច្បាស់លាស់លើខ្សែច្រវាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មសកល។
កិច្ចព្រមព្រៀងមួយដែលស្ថិតក្រោមការចរចា គឺសម្រាប់ការជំនួសផ្កាយរណបសង្កេតផែនដីដែលត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Airbus Defence និងបានបាញ់បង្ហោះក្នុងឆ្នាំ២០១៣។ មន្ត្រីម្នាក់បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នាមិនជាប់កាតព្វកិច្ចលើនោះ អាចត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ម៉ាក្រុង។ ការពិភាក្សាផ្កាយរណបផ្សេងទៀតកំពុងដំណើរការ។
បារាំងក៏មានបំណងចង់ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការថាមពល ដោយមានការរំពឹងទុកលើគម្រោងដែលអាចកកើតឡើងវិញ ក្រោមភាពជាដៃគូផ្លាស់ប្ដូរថាមពលដែលគាំទ្រដោយសហភាពអឺរ៉ុប។
ប្រភពមួយបានបង្ហើបឱ្យដឹងថា ថាមពលនុយក្លេអ៊ែរក៏នឹងស្ថិតនៅលើតុចរចាដែរ បើទោះជាមិនមានកិច្ចព្រមព្រៀងត្រូវបានគេរំពឹងទុកក៏ដោយ។ វៀតណាមបានសម្រេចចិត្តចាប់ផ្តើមកម្មវិធីថាមពលនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ខណៈកំពុងតស៊ូដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងពីសេដ្ឋកិច្ចដែលកំពុងពង្រីកខ្លួន។
រុស្ស៊ី និងជប៉ុន ហាក់ដូចជានាំមុខក្នុងកិច្ចចរចានុយក្លេអ៊ែរនៅពេលនេះ។ បារាំង កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានជាមួយរដ្ឋធានីហាណូយផងដែរ។
បារាំងចាប់អារម្មណ៍លើផែនការសម្រាប់ការតភ្ជាប់ផ្លូវល្បឿនលឿនថ្មី រវាងទីក្រុងកំពូលៗរបស់វៀតណាម ហាណូយ និងទីក្រុងព្រៃនគរ ឬ(សៃហ្គន) អតីតដែនដីដែលបារាំងធ្លាប់គ្រប់គ្រង ដែលមានតម្លៃប៉ាន់ស្មាន ៦៧ពាន់លានដុល្លារ នឹងក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតរបស់វៀតណាម៕
