សម្តេចធិបតី៖ អ្នកសិក្សាសន្សំបាន «ទ្រព្យសម្បត្តិជាចំណេះដឹងមិនចេះរីងស្ងួត» សម្រាប់មួយជីវិត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា អ្នកសិក្សាសន្សំបាន «ទ្រព្យសម្បត្តិជាចំណេះដឹងមិនចេះរីងស្ងួត» សម្រាប់មួយជីវិត ដែលអាចយកទៅប្រើប្រាស់សម្រាប់អភិវឌ្ឍខ្លួនឯង និង ក្រុមគ្រួសារ ក្រោមរូបភាពជាការងារ, ការវិនិយោគ ឬសហគ្រិនភាព។
ក្នុងឳកាសអញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២១ ខែឧសភានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភស្តុតាងជាអន្តរជាតិបង្ហាញថា ប្រជាជនដែលមានការអប់រំខ្ពស់, មានសុខភាពល្អ, មានសីលធម៌, មានសុភមង្គលក្នុងគ្រួសារ, និង «ជាទ្រព្យ សកម្ម, និង មិនមែនជាបន្ទុក របស់សង្គមជាតិ»។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា ការអប់រំមិនត្រឹមតែ បង្កើតធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែវិស័យនេះ បង្កើតនូវផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា រួមទាំងផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់សម្រាប់អ្នកទទួល បានការអប់រំ និងការបណ្ដុះបណ្ដាលនិងផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល៕