សម្តេចធិបតី៖ សមត្ថភាពគ្រូសំខាន់ណាស់ សម្រាប់ការបណ្តុះបណ្តាល រៀនក្រោមដើមឈើអាចនឹងមានលទ្ធផលល្អ បើមានគ្រូពូកែ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា សមត្ថភាពគ្រូសំខាន់ណាស់ សម្រាប់ការបណ្តុះបណ្តាល រៀនក្រោមដើមឈើអាចនឹងមានលទ្ធផលល្អ បើមានគ្រូពូកែ តែបើមានសាលាថ្ម តែបើសមត្ថភាពគ្រូមានកម្រិត ការទទួលរបស់សិស្សក៏មានកម្រិត។
ក្នុងឳកាសអញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២១ ខែឧសភានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះការប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់ របស់ក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, សាស្ត្រាចារ្យ និង បុគ្គលិក នៃវិទ្យាស្ថានជាតិអប់រំ ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រកែទម្រង់ និងផែនការសកម្មភាព ដែលមានលក្ខណៈជាក់ស្តែង សម្រាប់កែលម្អកម្មវិធី និងវិធីសាស្ត្របណ្តុះបណ្តាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ក្រុមប្រឹក្សាភិបាល, គណៈគ្រប់គ្រង, សាស្ត្រាចារ្យ, បុគ្គលិក, ព្រមទាំងប្អូនៗ និស្សិតគរុនិស្សិត និងគរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំ បន្តថែរក្សាកេរដំណែលនេះឱ្យបានឋិតថេរគង់វង្ស ដើម្បីជាប្រយោជន៍ដល់កូនចៅខ្មែរគ្រប់ជំនាន់៕