សេវាកម្មអ៊ីនធឺណេតផ្កាយរណប Starlink របស់លោក អ៊ីឡុន ម៉ាស បានបើកដំណើរការក្នុងប្រទេសបង់ក្លាដែស
ដាកា៖ សេវាកម្មអ៊ីនធឺណេតផ្កាយរណប Starlink លោក អ៊ីឡុន ម៉ាស បានបើកដំណើរការក្នុងប្រទេសបង់ក្លាដែស នៅថ្ងៃទី២០ ខែឧសភានេះ ខណៈប្រជាជាតិអាស៊ីខាងត្បូងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាការចូលប្រើអ៊ីនធឺណិតដែលអាចទុកចិត្តបាន និងគ្មានការរំខាន។
លោក មូហាំម៉ាត់ យូនុស មេដឹកនាំបង់ក្លាដែស បាននិយាយថា កិច្ចព្រមព្រៀងនេះ បានផ្តល់សេវាកម្មដែលមិនអាចត្រូវបានរំខានដោយចលាចលនយោបាយណាមួយនាពេលអនាគត។ ក្រុមហ៊ុនបានបង្ហោះនៅលើកម្មវិធី X ថា៖«សេវាអ៊ីនធឺណេតដែលមានល្បឿនខ្ពស់របស់ Starlink ចាប់ផ្តើមដំណើរការនៅក្នុងប្រទេសបង់ក្លាដែសហើយ»។
ជំនួយការរបស់លោក យូនុស លោក ហ្វាស អាម៉ាដ តៃយ៉េប បាននិយាយថា កញ្ចប់ប្រចាំខែចាប់ផ្តើមពី៤២០០តាកា ឬស្មើនឹង៣៥ដុល្លារសម្រាប់សេវាកម្មនៅទូទាំងប្រទេស ជាមួយការបង់ប្រាក់ម្ដងចំនួន៤៧០០០តាកា សម្រាប់ការដំឡើងឧបករណ៍។
លោកបានរៀបរាប់បន្ថែមនៅក្នុងការបង្ហោះហ្វេសប៊ុកថា៖«នេះបានបង្កើតជម្រើសប្រកបដោយនិរន្តរភាពសម្រាប់អតិថិជន ដើម្បីទទួលបានសេវាកម្មអ៊ីនធឺណិត មានគុណភាពខ្ពស់ និងល្បឿនលឿន»។
គួររំឭកថា អាជ្ញាធរបានផ្អាកសេវាអ៊ិនធឺណិត និងសេវាផ្ញើសារ នៅពេលការតវ៉ាបានរីករាលដាលទូទាំងប្រទេស កាលពីខែកក្កដា ឆ្នាំមុន។ Starlink បានពង្រីកយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក ដើម្បីប្រតិបត្តិការនៅក្នុងប្រទេសជាង៧០ ដោយផ្តោតយ៉ាងខ្លាំងទៅលើកំណើនបន្ថែមទៀត នៅក្នុងទីផ្សារដែលកំពុងរីកចម្រើន ដូចជាប្រទេសឥណ្ឌាជាដើម៕