សម្តេច ហេង សំរិន៖ មានតែសន្តិភាពទេ ទើបផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត
ភ្នំពេញ៖ ទិវាជាតិនៃការចងចាំ ២០ ឧសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា មានតែសន្តិភាពទេ ទើបផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២០ឧសភានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ថ្ងៃនេះជា «ទិវាជាតិនៃការចងចាំ» ២០ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូប បានចងចាំនិងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ ខែ និង២០ ថ្ងៃ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃដែលពួកខ្មែរក្រហមបានប្រកាសជាចំហនូវគោលនយោបាយដឹកនាំប្រទេស មហាអស្ចារ្យ មហាលោតផ្លោះដ៏ឆ្កួតលីលារបស់ពួកគេ ក្នុងនោះមានការជម្លៀសប្រជាជនចេញពីទីក្រុង ការលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់ចោលរូបិយប័ណ្ណ លុបបំបាត់សាសនា បង្កើតសហករ ធ្វើការរួមហូបរួមគ្នានៅទូទាំងប្រទេសជាដើម។
សម្តេច ហេង សំរិន បន្តថា យើងប្រារព្ធ «ទិវាជាតិនៃការចងចាំ» នេះឡើងដើម្បីរំលឹកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុ ជីវិត និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍នេះ។
សម្តេចបន្ថែមថា គោលនយោបាយនៃរបបអាវខ្មៅនេះបានចាប់ផ្ដើមសម្លាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំង យ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ ចាប់ពីថ្ងៃដែលពួកគេបានឡើងគ្រប់គ្រងប្រទេសពីថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បាន បង្ករជាសោកនាដកម្មដ៏ជូរចត់ ជាពេលវេលាដ៏ខ្មៅងងឹត ដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក ធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន ពីកំណើតរបស់មនុស្សក៏គ្មានដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បញ្ជាក់ថា “យើងចងចាំរបបខ្មែរក្រហមមិនអាចបំភ្លេចបានឡើយ ហើយបើគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិត ដើម្បីមកកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះនោះទេ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងសម្រាប់យើង កសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ”។
សម្តេច ហេង សំរិន បានអំពាវនាវ ដល់ប្រជាពលរដ្ឋចូលរួមថែរក្សាការពារសុខសន្តិភាព ដែលយើងទទួលបានដោយលំបាកនេះ ឱ្យបានគង់វង្សជារៀងរហូត និងនាំគ្នាទប់ស្កាត់កុំឱ្យសង្រ្គាម និងរបបប្រល័យពូជសាសន៍វិលមកសារជាថ្មី។ មានតែសន្តិភាពទេ ទើបផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត ពិសេសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និង២០៥០៕