សម្តេចធិបតី៖ រយៈពេល៣ថ្ងៃ សម្តេចសម្ពោធសមិទ្ធផលចំនួនពីរលើអតីតសមរភូមិសង្គ្រាម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រយៈពេល៣ថ្ងៃ សម្តេចសម្ពោធសមិទ្ធផលចំនួនពីរលើដែនដីអតីតសមរភូមិសង្គ្រាម។ សមិទ្ធផលទី១ សម្ពោធអគារសិក្សានៅសាលាក្នុងស្រុកវាលវែង សមិទ្ធផលទី២ គឺសម្ពោធរោងចក្រផលិតស៊ីម៉ងតិ៍ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែឧសភានេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការសម្ពោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការនូវរោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.កនាថ្ងៃនេះ ដែលស្ថិតនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនោះ គឺជាមនុញ្ញផលនៃសន្តិភាព។
សម្តេចធិបតីបានថ្លែងថា ស្រុកឱរ៉ាល់ នឹងក្លាយជាតំបន់យុទ្ធសាសន៍លើការវិនិយោគ បន្ទាប់ពីផ្លូវជាច្រើនខ្សែត្រូវបានសាងសង់ ដើម្បីតភ្ជាប់រវាងស្រុកឱរ៉ាល់ ទៅខេត្តកំពង់ឆ្នាំង និងទៅខេត្តកោះកុង។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា ប្រទេសណាក៏ដោយ បើមានសង្រ្គាមគឺខ្ទេចខ្ទីហើយ ការបាញ់ប្រហារតែមួយភ្លេត អគារស្ពានផ្លូវថ្នល់គឺត្រូវបំផ្លិចបំផ្លាញភ្លាមអត់ចាំយូរទេ៕